(ហ្សឺណែវ)៖ ក្នុងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ករណីឆ្លងនៃជំងឺអុតស្វា នៅទូទាំងពិភពលោក បានធ្លាក់ចុះ២១ភាគរយ កាលពីសប្តាហ៍មុន ស្របពេលដែលការរាតត្បាតនៅអឺរ៉ុប មានការថមថយ ប៉ុន្តែស្ថានការណ៍នៅតំបន់អាមេរិក មិនទាន់មានភាពអន់ថយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។
ការលោតឡើងខ្លាំងនៃករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍ជាប់រហូតមក ចាប់តាំងតែពីដើមខែឧសភា ឆ្នាំនេះ នៅក្រៅតំបន់អាហ្រ្វិក ជាទីដែលជំងឺនេះមានវត្តមានយូរមកហើយ។ កាលពីថ្ងៃទី២៤ ខែកក្កដា អង្គការ WHO បានប្រកាសចាត់ថ្នាក់ ជំងឺអុតស្វាជាភាពអាសន្ន ផ្នែកសុខភាពសាធារណជាសកល ដូចគ្នានឹងជំងឺកូវីដ១៩ ដែរ។
WHO បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ ករណីឆ្លងជំងឺអុតស្វាចំនួន ៤៥,៣៥៥ករណី និងស្លាប់១៥ករណី ត្រូវបានរាយការណ៍ នៅតាមប្រទេសសរុបយ៉ាងហោចចំនួន៩៦។ ក្នុងនោះសហរដ្ឋអាមេរិក មានច្រើនជាងគេគឺ ១៥,៨៧៧ករណី បន្ទាប់មកអេស៉្បាញ មាន៦,២៨៤ករណី, ប្រេស៉ីលមាន ៣,៩៨៤ករណី, អាល្លឺម៉ង់មាន ៣,៣៨៧ករណី, ចក្រភពអង់គ្លេសមាន ៣,៣៤០ករណី, បារាំងមាន ២,៨៨៩ករណី, ប៉េរូមាន ១,២០៧ករណី, កាណាដាមាន ១,២០៦ករណី និងនេដឺឡង់មាន ១,១៣៦ករណី។
គួរបញ្ជាក់ថា យោងតាមអង្គការ WHO គឺក្រោយពីបន្តកើនឡើងរយៈពេលជាច្រើនសប្តាហ៍ជាប់ៗគ្នា ករណីឆ្លងថ្មីៗនៃជំងឺអុតស្វា ដែលត្រូវបានរាយការណ៍សម្រាប់ចន្លោះថ្ងៃទី១៥-២១ សីហា បានធ្លាក់ចុះ២១ភាគរយ ធៀបនឹងសប្តាហ៍មុននោះ។ ទន្ទឹមគ្នាដែរ គឺមិនដល់៤០ភាគរយឡើយនៃករណីឆ្លងថ្មីៗ ដែលត្រូវបានរាយការណ៍ចេញពីតំបន់អឺរ៉ុប ខណៈជាង៦០ភាគរយ ត្រូវបានរាយការណ៍ចេញពីតំបន់អាមេរិក៕