(តៃប៉ិ)៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូប នៃគណៈកម្មាធិការពាណិជ្ជកម្ម និងសេវាកម្មកងប្រដាប់អាវុធ បានទៅដល់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចជាលើកទី៣ ដោយឥស្សរជនអាមេរិក ក្នុងខែសីហានេះ ដោយមិនខ្វល់ពីការខឹងសម្បារពីទីក្រុងប៉េកាំងឡើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

វីដេអូផ្សាយផ្ទាល់ពីអាកាសយានដ្ឋាន សុងសាន (Songshan) បានបង្ហាញថា សមាជិកព្រឹទ្ធសភាអាមេរិក គឺលោកស្រី ម៉ាស់សា ប្លែកប៊ឺន (Marsha Blackburn) បានទៅដល់រដ្ឋធានីតៃប៉ិ ដោយជិះយន្តហោះយោធាអាមេរិក ហើយលោក ឌូកឡាស់ ហ្ស៊ូ (Douglas Hsu) អគ្គនាយកនៃក្រសួងការបរទេសតៃវ៉ាន់ បានរង់ចាំទទួល ស្វាគមន៍វត្តមានរបស់លោកស្រី នៅឯអាកាសយានដ្ឋានតែម្តង។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី ប្លែកប៊ឺន បានគូសបញ្ជាក់ថា «តៃវ៉ាន់ គឺជាដៃគូដ៏រឹងមាំបំផុត របស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំមកកាន់ទីក្រុងតៃប៉ិ គឺជាគោលនយោបាយយូរអង្វែងរបស់សហរដ្ឋអាមេរិក។ ខ្ញុំនឹង មិនចាញ់សម្លុតរបស់ចិន ជុំវិញសម្ព័ន្ធភាពជាមួយដែនកោះនេះឡើយ»

ក្រសួងការបរទេសតៃវ៉ាន់ បានឲ្យដឹងថា កំលុងពេលនៃដំណើរទស្សនកិច្ចដែលនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍សប្តាហ៍នេះ ហើយលោកស្រី ប្លែកប៊ឺន នឹងត្រូវជួបជាមួយ មេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ក៏ដូចជាមន្ត្រីសន្តិសុខកំពូលលោក វែលលីងតុន គូ (Wellington Koo) និងរដ្ឋមន្ត្រីការបរទេស លោក ចូសេព វ៊ូ (Joseph Wu) ផងដែរ។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈយោបល់គ្នាយ៉ាងទូលំទូលាយ លើបញ្ហាដូចជាសន្តិសុខ តៃវ៉ាន់-សហរដ្ឋអាមេរិក និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា លោកស្រី ប្លែកប៊ឺន មកពីគណបក្សសាធារណរដ្ឋ បានសម្តែងការគាំទ្រសម្រាប់ការធ្វើដំណើររបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅឯកោះតៃវ៉ាន់ កាលពីដើមខែសីហានេះ ដែលបានបង្កការខឹងសម្បារជាខ្លាំងពីសំណាក់ទីក្រុងប៉េកាំង។ ជុំវិញដំណើរទស្សនកិច្ចថ្មីមួយទៀត របស់មន្រ្តីជាន់ខ្ពស់អាមេរិកខាងលើនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក លឺ ប៉េងយូ (Liu Pengyu) បានប្តេជ្ញាថាទីក្រុងប៉េកាំង នឹងចាត់វិធានការណាមួយដើម្បីឆ្លើយតបទៅនឹង «ការបង្កហេតុ» របស់សហរដ្ឋអាមេរិក៕