(តូក្យូ)៖ ប្រមុខទីភ្នាក់ងារប៉ូលិសជាតិនៃប្រទេសជប៉ុន លោក ណាកាមូរ៉ា អ៉ីតារូ (Nakamura Itaru) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រូបលោកចង់សុំលាលែងពីតំណែង ដើម្បីជាការទទួលខុសត្រូវសម្រាប់ ករណីឃាតកម្មបាញ់សម្លាប់លើ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ (Abe Shinzo) កាលពីខែកក្កដា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

ក្រុមអ្នកជំនាញបានលើកឡើងថា ការរក្សាសន្តិសុខកំលុងពេលដែលលោក អាបេ ត្រូវបានគេបាញ់ប្រហារនៅទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា គឺមិនមានភាពរឹងមាំសោះឡើយ។ បើតាមអ្នកជំនាញផ្នែកសន្តិសុខចំនួន៨នាក់ ដែលបានពិនិត្យមើលឃ្លីបវីដេអូជាក់ស្តែងនៃហេតុការណ៍នោះ គឺក្រុមអង្គរក្សតាមពិត មានឱកាសអាចជួយការពារលោក អេបេ បាន តាមរយៈការរត់ទៅពាំង ឬចាប់ប្រដួលលោកទៅលើដី នៅក្នុងគម្លាតរយៈពេល២.៥វិនាទី រវាងការបាញ់លើកទី១ ដែលខុស ហើយនិងការបាញ់លើកទី២ ដែលត្រូវចំលោកអតីតនាយករដ្ឋមន្រ្តីជប៉ុន។

គួរបញ្ជាក់ថា ក្រោយពេលកើតហេតុ មន្រ្តីជប៉ុនជាច្រើនរូប រួមទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ីដា ហ៊្វូមីអុ (Kishida Fumio) ក៏បានទទួលផងដែរ ពីភាពចន្លោះប្រហោងក្នុងការការពារសន្តិសុខ ចំពោះវត្តមានរបស់លោក អាបេ ដែលជាអតីតមេដឹកនាំមួយទាំងមូល កំលុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន៕