(កៀវ)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានទៅដល់ទីក្រុងកៀវជាថ្មីម្តងទៀតនៅថ្ងៃពុធសប្តាហ៍នេះ និងបានចូលរួមប្រារព្ធទិវាបុណ្យឯកជាតិជាមួយអ៊ុយក្រែន ព្រមទាំងប្រកាសពីការបញ្ជូនជំនួយយោធាចំនួន ៦៣លានដុល្លារបន្ថែមដល់អ៊ុយក្រែន ផងដែរ ខណៈវាជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។
បន្ទាប់ពីដើរទស្សនាតាមដងផ្លូវនៃទីក្រុងកៀវ លោក ចនសុន បានបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ថ្លែងនាឱកាសនោះ លោក ចនសុន បានជំរុញមេដឹកនាំអ៊ុយក្រែន កុំប្រថុយចូលរួមក្នុងការចរចាដែលមិនច្បាស់លាស់ ជាមួយរុស្ស៊ី។ លោក ចនសុន បានប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «អង់គ្លេសនៅជាមួយអ៊ុយក្រែន មិនថាសម្រាប់ថ្ងៃនេះ ឬរហូតដល់ ប៉ុន្មានខែខាងមុខ ហើយអ៊ុយក្រែនប្រាកដជានឹងឈ្នះ»។
ជាមួយគ្នានេះ លោក ចនសុន ក៏បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ដែលមានតម្លៃ ៦៣លានដុល្លារ ដែលនឹងរួមបញ្ចូលនូវ គ្រាប់រំសេវសម្រាប់បំពាក់លើយន្តហោះដ្រូន Black Hornet ក៏ដូចជាប្រព័ន្ធបញ្ជាចល័តដែលចាប់យកវីដេអូ និងរូបភាព ក្នុងពេលធ្វើប្រតិបត្តិការផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមក អង់គ្លេសបានផ្តល់ជំនួយយោធាសរុបជាង ២.៧ពាន់លានដុល្លារ ដល់អ៊ុយក្រែន ហើយបច្ចុប្បន្នកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅលើទឹកដីអង់គ្លេស៕