(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសថានឹងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធប្រឆាំងយន្តហោះដ្រូន នៅជុំវិញតំបន់ឈូងសមុទ្ររបស់ខ្លួន នៅឆ្នាំក្រោយ បន្ទាប់ពីមានការបង្ហោះវីដេអូ ដែលបង្ហាញទាហានតៃវ៉ាន់បានយកដុំថ្មគប់ទៅលើយន្តហោះដ្រូនរបស់ចិន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។
ឃ្លីបវីដេអូខ្លីខាងលើនេះដំបូងឡើយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមចិន មុនពេលសារព័ត៌មានតៃវ៉ាន់ចេញផ្សាយ ដោយបានបង្ហាញឲ្យឃើញ ទាហានតៃវ៉ាន់ ២នាក់ គប់ដុំថ្មទៅលើយន្តហោះដ្រូននៅក្បែរប៉ុស្តិ៍យាមរបស់ពួកគេ។ ទីបញ្ជាការការពារជាតិ នៅលើកោះគីនមិន (Kinmen) ដែលជាប្រជុំកោះ គ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅទល់មុខទីក្រុងសៀមិន (Xiamen) និងទីក្រុង ឈានស៊ូ (Quanzhou) របស់ប្រទេសចិន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី១៦ ខែសីហា នៅលើកោះអឺដាន់ (Erdan) ហើយបញ្ជាក់ថាទាហានតៃវ៉ាន់ យកដុំថ្មគប់សាកមើល ដើម្បីដឹងថាវាជាយន្តហោះដ្រូនស៉ីវិល ឬអត់។
ក្រសួងការពារជាតិរបស់តៃវ៉ាន់ ក៏បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថាចាប់ពីឆ្នាំក្រោយទៅ ខ្លួននឹងដាក់ពង្រាយប្រព័ន្ធប្រឆាំង យន្តហោះដ្រូន ជាលើកដំបូងនៅតាមកោះតូចៗ។ ប៉ុន្តែបានបន្ថែមថា «មន្ត្រី និងទាហានគ្រប់លំដាប់ថ្នាក់នឹងបន្តអនុវត្តការប្រុងប្រយ័ត្ន ស្របតាមគោលការណ៍ មិនធ្វើឲ្យមានជម្លោះ ឬបង្កជម្លោះឡើយ»។
គួរបញ្ជាក់ថា ប្រទេសចិន មិនបានធ្វើអត្ថាធិប្បាយយ៉ាងដូចម្តេចទេជុំវិញឃ្លីបវីដេអូ ដែលទទួលបានការចូលមើលរាប់លានដងលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ជាមួយនឹងពាក្យពេចន៍លេងសើចចំអករបស់អ្នកប្រើប្រាស់នោះ។ វាក៏បានបង្កឲ្យមានការពិភាក្សាដ៏ក្តៅគគុកនៅឯកោះតៃវ៉ាន់ និងជំរុញឲ្យក្រសួងការពារជាតិ បង្កើនវិធានការទប់ទល់ចំពោះសកម្មភាពនេះ៕