(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃពុធសប្ដាហ៍នេះថាមនុស្សយ៉ាងហោចណាស់ ២២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ទាហានរុស្ស៉ី លើស្ថានីយរថភ្លើងមួយកន្លែងរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថាទាហានរុស្ស៉ីបានបាញ់ គ្រាប់រ៉ុក្កែតចំរថភ្លើងមួយគ្រឿង នៅឯស្ថានីយរថភ្លើង ក្នុងទីក្រុងឆាបលីន (Chaplyne) ដែលស្ថិតនៅចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រពីភាគខាងលិច នៃតំបន់ដូណេត ភាគខាងកើតនៃប្រទេស។ «ទីក្រុងឆាបលីន គឺជាការឈឺចាប់របស់យើងនៅថ្ងៃនេះ (ថ្ងៃពុធ) ដោយមានមនុស្សយ៉ាងហោច ២២នាក់ បានស្លាប់»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ជាមួយការបន្ថែមថារុស្ស៉ីនឹងត្រូវទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើ។
គួរបញ្ជាក់ថា ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់លោក ហ្សេលេនស្គីនោះទេ ខណៈការវាយប្រហារ កាលពីថ្ងៃពុធ កើតមានឡើងចំថ្ងៃដែលអ៊ុយក្រែនប្រារព្ធបុណ្យឯករាជ្យជាតិដែលខ្លួនទទួលបានពីអតីតសហភាពសូវៀត ហើយក៏ជាថ្ងៃដែលសង្រ្គាម អ៊ុយក្រែន ឈានចូលដល់ខែទី៦ ផងដែរ៕