(កង់បេរ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីដើមខែសីហាកន្លងទៅនេះ បាននិយាយថាលោកផ្ទាល់កំពុងព្យាយាមស្វែងរកឱកាសនិយាយ ដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីស្នើសុំឱ្យលោកធ្វើជា «អាជ្ញាកណ្ដាល» ជួយសម្រុះសម្រួលរកផ្លូវបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ការកត់សម្គាល់ បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៤ ខែសីហានេះ ជាមួយការជំរុញឱ្យចិនប្រើ ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនលើរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។
ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ចិនជាប្រទេសមានអំណាចខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ចដែលអាចបង្ខំ ឬដាក់សម្ពាធលើ រុស្ស៉ី ហើយមិនតែប៉ុណ្ណោះ ចិនក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយដែរ»។ តែទោះជាបែបនេះក្ដី ខាងទីក្រុងប៉េកាំងមិនទាន់បានផ្ដល់ ចម្លើយជាវិជ្ជមានណាមួយនៅឡើយទេ ខណៈអ្នកជំនាញភាគច្រើនដូចជាលោក ចូសែប នី (Joseph S. Nye) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Harvard យល់ថាចិននឹងមិនធ្វើជាអាជ្ញាកណ្ដាលបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយងាយៗឡើយ។ តើមកពីហេតុអ្វី?
សម្រាប់លោក ចូសែប នី លោក ស៊ី ជិនពីង មានឱកាសលើកកម្ពស់មុខមាត់ចិននៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសនាំមកនូវសន្តិភាពជូនពិភពលោកដូចដែលអតីត ប្រធានាធិបតីអាមេរិក លោក ធេដឌី រូសស្វែល (Teddy Roosevelt) បានធ្វើតាមរយៈការធ្វើជាអាជ្ញាកណ្ដាលបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមរវាងរុស្ស៉ី និងជប៉ុន កាលពីឆ្នាំ ១៩០៥ ដែលនេះបានបង្កើនឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិ រីឯលោក រូសស្វែលខ្លួនឯងក៏បានទទួលជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផងដែរ។
តួកគី អ៉ីស្រាអែល និងបារាំង រួមទាំងបណ្ដាប្រទេសមួយចំនួនទៀត ក៏បាន និងកំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនដែរ តែពួកគេ មិនមានឥទ្ធិពល ឬទឹកមាត់ប្រៃលើលោក ពូទីន ដូចជាលោក ស៊ី ជិនពីងឡើយ ហើយរឿងសំខាន់គឺស្ថិតនៅត្រង់ថាតើលោក ស៊ី ជិនពីង ចង់ធ្វើជាអាជ្ញាកណ្ដាលដែរ ឬក៏យ៉ាងណា។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក ចិនបានប្រកាន់ជំហរអព្យាក្រឹតផង និងម្ដងម្កាលចេញមុខគាំទ្ររុស្ស៉ីផងតាមរយៈការរិះគន់ទណ្ឌកម្មរបស់ លោកខាងលិច ព្រមទាំងបរិហារដែរថាសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងក៏ជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមិនព្រមបញ្ឈប់ផែនការពង្រីក ឥទ្ធិពលឆ្ពោះទៅកាន់ទិសខាងកើត។
ជាការពិតណាស់ អ្នកជំនាញមួយចំនួននៅក្នុងប្រទេសចិន ដូចជា លោក វ៉ាង ហ៊ុយយ៉ាវ (Wang Huiyao) ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់ចិន និងការធ្វើសកល ភាវូបនីយកម្ម (Center for China and Globalization) មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង បានផ្ដល់យោបល់ថាចិនគួរតែធ្វើជាអ្នកសម្រុះសម្រួលដើម្បីបញ្ចប់សង្រ្គាម សព្វថ្ងៃ ព្រោះវាមានប្រយោជន៍ចំពោះចិនដូចជាលើកមុខមាត់ចិននៅលើឆាកអន្តរជាតិ និងនៅក្នុងតំបន់ ពង្រឹងអំណាចស្រទន់ នៅក្នុងតំបន់អឺរ៉ុបដែលរ៉ាប់រងការធ្វើ ពាណិជ្ជកម្មធំជាង៥ដងជាមួយចិន បើធៀបទៅនឹងពាណិជ្ជកម្មរវាងរុស្ស៉ី និងចិន។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំចិននៅមើលឃើញប្រយោជន៍ធំជាងនេះឆ្ងាយណាស់ នោះគឺពួកគេ មើលឃើញថាសង្រ្គាមនៅអ៊ុយក្រែនជាវិបត្តិដែលអឺរ៉ុបខ្លួនឯងជាអ្នកបង្កើតឡើង ហើយចិនក៏រំពឹងដែរថាអាចអង្គុយពីចម្ងាយសម្លឹងមើលពួកមហាអំណាចស្បែកសដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៉ី រងរបួស និងទន់ដៃទន់ជើងរៀងៗខ្លួន។
បានន័យថាបើរុស្ស៉ីទន់ដៃទន់ជើង នោះច្បាស់ណាស់ទីក្រុងមូស្គូនឹងកាន់តែងាកមករកការពឹងផ្អែកលើចិនរឹតតែខ្លាំង ឬអាចនិយាយបានថាសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ីអាច នឹងក្លាយជាសម្ព័ន្ធភាពប្រៀបដូចជារវាងមនុស្សចាស់ និងកូនក្មេង ដែលជាធម្មតាកូនក្មេងតែងតែស្ដាប់បង្គាប់មនុស្សចាស់។ ម្យ៉ាងវិញទៀត បើទោះជាសង្រ្គាមនៅអ៊ុយក្រែន មិនអាចធ្វើឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបរង្គោះរង្គើរក៏ដោយ តែយ៉ាងហោចណាស់សង្រ្គាមនេះ អាចទាញសហរដ្ឋអាមេរិក និងអឺរ៉ុប ឱ្យចេញពីការផ្ដោតលើសកម្មភាពរបស់ ចិននៅអាស៊ី ទោះបីជាមិនទាំងស្រុង ក៏បានមួយផ្នែកធំដែរ។ ជាឧទាហរណ៍ ក្នុងបរិបទសហរដ្ឋអាមេរិក និងអឺរ៉ុបជាប់ដៃជួយអ៊ុយក្រែន គេសង្កេតឃើញថាប្រតិកម្មរបស់ ពួកគេចំពោះសមយុទ្ធយោធាចិនជុំវិញកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ មានលក្ខណៈមិនធ្ងន់ធ្ងរដូចសព្វដងនោះទេ ពោលគឺទោះជាអឺរ៉ុបចង់គាំទ្រតៃវ៉ាន់ ក៏ពួកគេពិបាកនឹង ធ្វើដែរ ដ្បិតជាប់ដៃក្នុងសង្រ្គាមអ៊ុយក្រែនទៅហើយ។
នៅក្រោយវិបត្តិសេដ្ឋកិច្ច ឆ្នាំ២០០៨ ថ្នាក់ដឹកនាំចិនបានសន្មត់រួចទៅហើយថាឥទ្ធិពលរបស់សហរដ្ឋអាមេរិកកំពុងថយចុះ ដែលជាហេតុធ្វើឱ្យទីក្រុងប៉េកាំងបោះបង់ចោល គោលនយោបាយការទូតប្រយ័ត្នប្រយែង និងអត់ធ្មត់ច្រើនរបស់អតីតមេដឹកនាំចិន លោក តេង ស៊ាវពីង នៅចំពោះមុខគំនិតជាតិនិយមកាន់តែមានឥទ្ធិពលធំឡើងៗនៅក្នុង ប្រទេសចិន។ តួយ៉ាង លោក ស៊ី ជិនពីងផ្ទាល់ធ្លាប់បានបង្ហាញក្ដីស្រមៃថាចិនអាចនឹងឡើងអង្គុយលើកៅអីជាមេដឹកនាំពិភពលោកជំនួសសហរដ្ឋអាមេរិកនៅឆ្នាំ២០៤៩ ដែលត្រូវនឹងខួប១០០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្ដចិន។
ក្ដីស្រមៃរបស់លោក ស៊ី ជិនពីង នៅតែជួបឧបសគ្គច្រើននៅឡើយ នៅត្រង់ថាចិនមិនមានសម្ព័ន្ធមិត្តច្រើនដូចជាសហរដ្ឋអាមេរិក ហើយបើទោះជាលោក ស៊ី និងលោក ពូទីន បានពង្រឹងទំនាក់ទំនងទ្វេភាគីទាំងបុគ្គលផ្ទាល់ខ្លួន និងប្រទេសក៏ដោយ ក៏វានៅមិនទាន់ដល់កម្រិតសម្ព័ន្ធមិត្ត ដូចជាប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះដែរ។ ដូច្នេះ ហើយទើបចិនសុខចិត្តប្រកាន់ជំហរអព្យាក្រឹតជាជាងចេញមុខជួយរុស្ស៉ីក្នុងនាមជាសម្ព័ន្ធមិត្ត។
ក្នុងពេលបច្ចុប្បន្ន អ្វីដែលសំខាន់បំផុតសម្រាប់លោក ស៊ី ជិនពីង នោះគឺស្វះស្វែងរក្សាតំណែងជាតំណែងជាមេដឹកនាំគណបក្សកុម្មុយនិស្ដចិន និងជាប្រធានាធិបតីចិនសម្រាប់ អាណត្តិទី៣ នៅក្នុងឆ្នាំ២០២២នេះ ហើយដោយសារតែកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវ គណបក្សកម្មុយនិស្ដចិន និងលោក ស៊ី ជិងពីង ដឹងយ៉ាង ច្បាស់ថាដើម្បីអាចគ្រប់គ្រងអំណាចបន្ត ពួកគេមានតែពឹងផ្អែកលើគំនិតជាតិនិយម។
នេះហើយជាហេតុផលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសារព័ត៌មានជាតិនិយមចិន លើកឡើងម្ដងហើយម្ដងទៀតនូវពាក្យសម្ដីរបស់លោក ពូទីន ដែលចោទថាអ៊ុយក្រែន គឺជា «អាយ៉ង» របស់លោកខាងលិច ហើយថារុស្ស៉ីកំពុងប្រយុទ្ធប្រឆាំងនឹងការធ្វើបាប របស់សហរដ្ឋអាមេរិក មកលើចិន និងរុស្ស៉ី។ ការគំាទ្រគំនិតបែបនេះគឺស្របទៅនឹង «នយោបាយការទូតចចកចម្បាំង» ដែលជានយោបាយជាតិនិយមមួយរបស់ចិន៕