(ឡុងដ៏)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គី សូយហ្គូ (Sergei Shoigu) បាននិយាយនៅថ្ងៃពុធនេះថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន គឺត្រូវបានបង្អន់ល្បឿនដោយចេតនា ដើម្បីបន្ថយការស្លាប់ និងរបួសរបស់ជនស៉ីវិល។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ នៃអង្គការប្រតិបត្តិការសៀងហៃ នៅប្រទេសអ៊ូសបេគីស្ថាន លោក សូយហ្គូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់យ៉ាងត្រូវបានធ្វើដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស៉ីវិល។ ជាការពិតណាស់ ល្បឿននៃការវាយលុករបស់យើង កំពុងដំណើរការយឺត ប៉ុន្តែតាមពិតទៅ គឺយើងមានចេតនាធ្វើដូចនេះ»។
គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ត្រូវគេមើលឃើញថា មានការរីកចម្រើនតិចតួចប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីកងទ័ពរបស់ខ្លួនត្រូវបានរុញច្រាន ឲ្យចេញពីទីក្រុងកៀវ នៅកំលុងសប្តាហ៍ដំបូងៗ នៃការចាប់ផ្តើមសកម្មភាពវាយលុក។ គិតមកទល់នឹងពេលនេះសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានឈានចូលដល់ខែទី៦ ហើយ៕