(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរំពឹងទុកថាសាមគ្គីភាពរបស់សហភាពអឺរ៉ុប នឹងមានការប្រេះស្រាំនៅពេលដែលតម្លៃទំនិញ ឡើងថ្លៃគ្រប់មុខ ដែលនឹងជះផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់អឺរ៉ុប ដោយសារតែការជួយដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹង ការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយ AFP លោក បូរែល បានគូសបញ្ជាក់ថា «លោក ពូទីន អាចយល់ឃើញថាប្រជាជនអឺរ៉ុបមានភាពនឿយហត់ និងស្ទាក់ស្ទើរ ក្នុងការទទួលផលវិបាក ដែលកើតចេញពីការគាំទ្រសម្រាប់អ៊ុយក្រែន។ ដូច្នេះយើងត្រូវតែស៊ូទ្រាំទប់ទល់នឹងបញ្ហាដែលកើតមានក្នុងតំបន់អឺរ៉ុប»។ លោក បូរែល ក៏បានព្រមានដែរថា ការរក្សាបាននូវសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកទាំង២៧ គឺជាកិច្ចការដែលត្រូវអនុវត្ត «ពីមួយថ្ងៃទៅមួយថ្ងៃ» ដ្បិត សហភាពអឺរ៉ុប គឺជាសមាគមនៃរដ្ឋដែលមានវិធីសាស្រ្តផ្សេងគ្នា ដើម្បីទល់នឹងរុស្ស៊ីឡើយ។

នៅសប្តាហ៍ក្រោយនេះ លោក បូរែល នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុបនៅទីក្រុង ប្រាក (Prague) នៃសាធារណៈរដ្ឋឆែក ជាដែលលោកត្រូវបានគេរំពឹងថានឹងលើកឡើងពីគោលនយោបាយការទូតរួបរួមគ្នា ដើម្បីបន្តប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ី។

គួរបញ្ជាក់ថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មជាបន្តបន្ទាប់ដែល ផ្តោតលើរង្វង់ផ្ទៃក្នុង និងវិស័យសេដ្ឋកិច្ចរបស់រុស្ស៉ី រួមទាំងការនាំចេញប្រេងសំខាន់ៗផងដែរ។ ប៉ុន្តែឥឡូវនេះ តម្លៃថាមពល និងអតិផរណា កំពុងកើនឡើង ហើយប្រទេសជាសមាជិកមួយចំនួន រួមទាំងប្រទេសមហាអំណាចសេដ្ឋកិច្ចអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច៕