(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក បានឱ្យដឹងថាសហរដ្ឋអាមេរិកបានត្រៀមកញ្ចប់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយ កញ្ចប់ជំនួយថ្មីនេះអាចនឹងប្រកាសក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រិអាមេរិកខាងលើដដែលបានឱ្យដឹងទៀតថាកញ្ចប់យោធាថ្មីដែលសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសផ្ដល់ឱ្យអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ពោលគឺចំថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនតែម្ដង។ កញ្ចប់ថវិកានេះទៀតសោត ត្រូវបានយកចេញពីកញ្ចប់ថវិកា ដែលសភាអាមេរិកអនុម័ត និងអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន យកទៅទិញអាវុធពីក្រុមហ៊ុនផលិតអាវុធអាមេរិក សម្រាប់ផ្ដល់ឱ្យទីក្រុងកៀវ ជាជាងដកអាវុធ ដែលមានស្រាប់ចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ១០.៦ពាន់លានដុល្លារហើយ ដល់រដ្ឋាភិបាលរបស់លោក ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី៕