(ឡង់ដ៍)៖ ការលក់អុសត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងមួយភាគប្រាំក្នុងរដូវរងា នេះខណៈ គ្រួសារអង់គ្លេសរាប់លានបានចាប់ផ្តើមដុតអុសដើម្បីរក្សាកំដៅបន្ទាប់ពីតម្លៃថាមពលឡើងថ្លៃខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Telegraph កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២។
ក្រុមហ៊ុនផ្គត់ផ្គង់អុសដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស Certainly Wood បាននិយាយថា តម្រូវការបានចាប់ផ្តើមកើនឡើងរួចហើយ នៅពេលដែលអ្នកប្រើប្រាស់ត្រៀមខ្លួនសម្រាប់អាកាសធាតុប្រែប្រួល។
លោក Nic Snell នាយកគ្រប់គ្រងក្រុមហ៊ុនបាននិយាយថា «តម្រូវការអុសបានចាប់ផ្តើមកើនឡើងរួចទៅហើយ ត្បិតថាមនុស្សចាប់ផ្តើមទិញស្តុកទុកឥឡូវនេះ។ ខ្ញុំគិតថាយើងអាចឃើញតម្រូវការកើនឡើងពី ១០% ទៅ ២០% ក្នុងរដូវរងារឆ្នាំនេះ...»។
នាយកគ្រប់គ្រងរូបនេះបានគូសបញ្ជាក់ថា គ្រួសារនិមួយៗនឹងត្រូវចំណាយប្រាក់ប្រមាណ ៦០០ផោន ឬស្នើនឹង ៧១០ដុល្លារ លើការចំណាយទិញអុសដុតនាពេលល្ងាចពេញមួយរដូវរងា។ ចំណែកគ្រួសារដែលកំដៅផ្ទះរបស់ពួកគេដោយប្រើប្រាស់ហ្គាស ឬអគ្គិសនី ត្រូវបានរំពឹងថា នឹងចំណាយខ្ពស់ជាងនេះទ្វេដង ខណៈវិក័យប័ត្រថាមពលប្រចាំឆ្នាំរបស់ពួកគេ បាននិងកំពុងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទៀត៕