(បង់ក្លាដែស)៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយនៅថ្ងៃអង្គារនេះថា ការអំពាវនាវដើម្បីជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស «មិនគ្រប់គ្រាន់ទេ» ខណៈដែលជនភៀសខ្លួនបានអំពាវនាវដល់ម្ចាស់ជំនួយ កុំឱ្យភ្លេចអំពីវិបត្តិនៅមុនខួបលើកទីប្រាំឆ្នាំ នៃការចាកចេញរបស់ពួកគេពីមីយ៉ាន់ម៉ា។ នេះបើយោងតាមារចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១លាននាក់ រស់នៅក្នុងជំរុំជនភៀសខ្លួននៅភាគខាងត្បូងប្រទេសបង់ក្លាដែស ដែលជាកន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងក្តីសង្ឃឹមតិចតួចក្នុងការវិលត្រឡប់ទៅកាន់ប្រទេសដើមកំណើតពួកគេ (មីយ៉ាន់ម៉ា) ដែលភាគច្រើនត្រូវបានដកហូតសិទ្ធិជាពលរដ្ឋ និងសិទ្ធិផ្សេងៗទៀត។
UNHCR បាននិយាយថា «សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមិនមានសញ្ជាតិជិត ១លាននាក់នៅក្នុងប្រទេសបង់ក្លាស កំពុងស្ថិតក្នុងសភាពចង្អៀតខ្លាំង ហើយពួកគេនៅតែពឹងផ្អែកទាំងស្រុងលើជំនួយមនុស្សធម៌ សម្រាប់ការរស់រានមានជីវិតរបស់ពួកគេ»។
UNHCR បានបន្តថា ផែនការឆ្លើយតបឆ្នាំ២០២២ របស់ខ្លួន បានស្វែងរកជំនួយជាង ៨៨១លានដុល្លារសម្រាប់មនុស្សជាង ១.៤លាននាក់ រួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងជាងកន្លះលាននាក់ដែលជាសហគមន៍ម្ចាស់ផ្ទះដែលរងផលប៉ះពាល់ច្រើនបំផុត។ រហូតមកដល់ពេលនេះ មូលនិធិទទួលបានត្រឹមតែ ៤៩ភាគរយប៉ុណ្ណោះ ដោយទទួលបាន ៤២៦.២លានដុល្លារ។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាភាគច្រើនបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង ក្នុងអំឡុងពេលការបង្រ្កាបដោយយោធាមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧ ដែលអង្គការសហប្រជាជាតិបាននិយាយថា ធ្វើឡើងដោយមានចេតនាប្រល័យពូជសាសន៍៕