Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំតៃវ៉ាន់ព្រមានថា អ្នកដែលហ៊ានឈ្លានពានដែនកោះនេះ នឹងត្រូវលះបង់តម្លៃយ៉ាងធំធេង (Video inside)

23-08-2022 18:05

(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃអង្គារនេះ បានព្រមានថា អ្នកដែលធ្វើការឈ្លានពាន ឬក៏ព្យាយាមឈ្លានពានមកលើតៃវ៉ាន់ នឹងត្រូវបានលះបង់តម្លៃយ៉ាងធំសម្បើម ហើយទង្វើបែបនោះ នឹងត្រូវទទួលរងការរិះគន់ចាស់ដៃ ពីអន្តរជាតិជាក់ជាមិនខានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យរបស់លោកស្រី លោកស្រី សៃ បានប្រាប់ក្រុមមន្រ្តីយោធាតៃវ៉ាន់ដូច្នេះថា «អ្វីដែលយើងត្រូវធ្វើគឺ បង្ហាញឱ្យសត្រូវយល់ច្បាស់ថា តៃវ៉ាន់មានការតាំងចិត្តនិងការត្រៀមលក្ខណៈយ៉ាងរឹងមាំ ដើម្បីរក្សាការពារដែនដីរបស់ខ្លួន ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើយ៉ាងដូច្នោះផងដែរ។ សម្រាប់ការឈ្លានពាន ឬប៉ងឈ្លានពានលើតៃវ៉ាន់ នឹងត្រូវលះបង់តម្លៃយ៉ាងធំធេង ហើយវានឹងត្រូវថ្កោលទោសជាខ្លាំង ដោយអន្តរជាតិ»

គួរបញ្ជាក់ថា ការលើកឡើងនាថ្ងៃអង្គារនេះរបស់លោកស្រី សៃ អ៉ីងវិន ចំឱកាសខួបនៃព្រឹត្តិការណ៍វិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី២ ដែលជាការប៉ះទង្គិចគ្នាលើកចុងក្រោយបំផុត រវាងកម្លាំងតៃវ៉ាន់និងកម្លាំងរបស់ចិន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៥៨៕