(វ៉ាស៉ីនតោន)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងកៀវ បានព្រមានអំពីការកើនឡើងដោយការវាយប្រហារ របស់យោធារុស្ស៉ីនៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដែលចំថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ព្រមទាំងជំរុញដល់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេអាចធ្វើបាន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ បានផ្ញើសារដាស់តឿនដល់ពលរដ្ឋរបស់ខ្លួន តាមរយៈគេហទំព័រផ្លូវការដែលមានខ្លឹមសារ យ៉ាងដូច្នេះថា «ក្រសួងការបរទេស បានទទួលព័ត៌មានថា ប្រទេសរុស្ស៉ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ ស្ថានទូតសូមជំរុញឲ្យពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីអ៊ុយក្រែនឥលូវនេះ តាមមធ្យោបាយដឹកជញ្ជូនឯកជន ប្រសិនបើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ»។
គួរបញ្ជាក់ថា ទីក្រុងកៀវ បានហាមប្រាមមិនឲ្យមានការប្រារព្ធពិធីជាសាធារណៈ ក្នុងរដ្ឋធានីឡើយ ចំថ្ងៃខួបនៃឯករាជ្យភាពរបស់ខ្លួន ពីការគ្រប់គ្រងរបស់សហភាពសូវៀត ដែលត្រូវនឹងថ្ងៃពុធសប្តាហ៍នេះ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើង នៃការវាយប្រហាររបស់កងកម្លាំងរុស្ស៉ី៕