(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអង់គ្លេសប្រចាំនៅអាហ្សង់ទីន បានរៀបចំធ្វើការប្រកួតវីដេអូខ្នាតខ្លីអនឡាញ ដែលសំដៅចំពោះនិស្សិតក្នុងដែនអាហ្សង់ទីន ដោយបានអះអាងថា អ្នកទទួលរង្វាន់អាចទៅធ្វើទេសចរណ៍រយៈពេលមួយសប្តាហ៍ ដោយមិនគិតថ្លៃនៅប្រជុំកោះ Malvinas។ ចំពោះការនេះ ក្រសួងការបរទេសអាហ្សង់ទីនបានចេញផ្សាយ សេចក្តីប្រកាសសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងថា អង់គ្លេសធ្វើអ៊ីចឹងគឺមានគោលបំណងឃោសនាពី «ការកាន់កាប់» យ៉ាងពិតប្រាកដចំពោះប្រជុំកោះ Malvinas ហើយទាមទារឱ្យអង់គ្លេសគោរព តាមសេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិ ដើម្បីធ្វើការចរចាអំពីការវិវាទស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas។

នេះមិនមែនជាលើកទីមួយហើយ ដែលអង់គ្លេសប្រើកលល្បិចបែបនេះទេ។ កាលពីខែកញ្ញាឆ្នាំ២០១៨ ស្ថានទូតអង់គ្លេសប្រចាំនៅអាហ្សង់ទីន ក៏ធ្លាប់រៀបចំការប្រកួតស្រដៀងគ្នាដែរ ប៉ុន្តែត្រូវបានសកលវិទ្យាល័យអាហ្សង់ទីន បដិសេធយ៉ាងដាច់ម៉ាត់។ បច្ចុប្បន្ននេះ អង់គ្លេសប្រើកលល្បិចដូចគ្នាម្តងទៀត បន្តប្រើមធ្យោបាយអាក្រក់លើយុវជន ប៉ុនប៉ងធ្វើឱ្យពួកគេមានការស្វែងយល់ដ៏ខុសឆ្គងពីប្រវត្តិសាស្ត្រ បំភាន់ភ្នែករបស់ពួកយុវជន ក៏ដូចជាពង្រឹង «ការកាន់កាប់» យ៉ាងពិតប្រាកដចំពោះប្រជុំកោះ Malvinas ជាបណ្តើរៗ ។

ប្រវត្តិសាស្ត្រអាចបញ្ជាក់ថា កាលពីឆ្នាំ១៨១៦ ពេលអាហ្សង់ទីនបម្រះខ្លួនចេញពី ការគ្រប់គ្រងអាណានិគមរបស់អេស្ប៉ាញ និងទទួលឯករាជ្យក៏ទទួលបានអធិបតេយ្យភាព ចំពោះប្រជុំកោះ Malvinas ដែរ ប៉ុន្តែពេលអង់គ្លេសវាតទីអាណានិគម នៅតំបន់អាមេរិកខាងត្បូង បានកាន់កាប់ប្រជុំកោះ Malvinas ដោយកម្លាំងបាយកាលពីឆ្នាំ១៨៣៣។ កាលពីឆ្នាំ១៩៦៥ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ២០៦៥ ដោយដាក់បញ្ចូលបញ្ហាប្រជុំកោះ Malvinas ក្នុងក្របខ័ណ្ឌ «លុបចោលអាណានិគមនិយម» ហើយដាស់តឿនប្រទេសទាំងពីរអង់គ្លេសនិងអាហ្សង់ទីន ដោះស្រាយការវិវាទតាមរយៈការចរចា។

កាលពីឆ្នាំ១៩៨២ អាហ្សង់ទីននិងអង់គ្លេសបានផ្ទុះសង្គ្រាម ដោយសារបញ្ហាអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas សង្គ្រាមលើកនេះបានដំណើរការអស់រយៈពេល៧៤ថ្ងៃ ទីបំផុត អង់គ្លេសទទួលបានជ័យជម្នះ។ ប៉ុន្តែ អាហ្សង់ទីនមិនដែលបោះបង់ចោល សំណូមពរនិងតម្រូវការចំពោះអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas នោះទេ។ គណៈកម្មាធិការពិសេសអំពីការគ្មានអាណានិគមនិយម របស់អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចចិត្តជាង៣០លើក ដោយដាស់តឿនរដ្ឋាភិបាលអង់គ្លេសធ្វើការចរចាជាមួយអាហ្សង់ទីន ហើយភាគីអាហ្សង់ទីនក៏បានចេញ សេចក្តីអញ្ជើញជាច្រើនលើកដែរ ប៉ុន្តែសុទ្ធតែត្រូវបានអង់គ្លេសបដិសេធទាំងអស់។

ការពិតប្រវត្តិសាស្ត្រនៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់។ មិនថាភាគីអង់គ្លេសបង្ហាញសាច់ដុំដូចជា ធ្វើសមយុទ្ធយោធានិងដាក់ពង្រាយអាវុធការពារដែនអាកាស ឬក៏រៀបចំធ្វើការប្រកួតរបស់និស្សិតដែលជា «កលល្បិចចាស់» ក៏ដោយ សុទ្ធតែមិនអាចបញ្ឆោតសហគមន៍អន្តរជាតិបានទេ។

កាលពីខែមីនាឆ្នាំ២០១៦ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីបនៃអង្គការសហប្រជាជាតិបានកំណត់ថា ប្រជុំកោះ Malvinas ស្ថិតនៅដែនសមុទ្ររបស់អាហ្សង់ទីន។ នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន សឹងតែប្រទេសទាំងអស់បានគាំទ្រ គោលជំហររបស់អាហ្សង់ទីនលើ បញ្ហាប្រជុំកោះ Malvinas។ ភាគីចិនក៏គាំទ្រយ៉ាងមុតមាំនូវសំណូមពរដ៏ត្រឹមត្រូវ របស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas ដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន