(បាងកក)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរថៃបានធ្វើការរឹតបន្តឹងសន្តិសុខ នៅក្នុងរាជធានីបាងកក មុនពេលមានការធ្វើបាតុកម្មថ្មីទៀត ដែលសំដៅទាមទារឱ្យនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ស្របពេលតុលាការធម្មនុញ្ញកំពុងពិចារណា ថាគួរឬមិនគួរទទួលយកការដាក់ញត្តិ ឱ្យផ្តល់សេចក្តីសម្រេចពាក់ព័ន្ធនឹង រយៈពេលកាន់អំណាចរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
បក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសថៃ និងប្រជាជនថៃ២ភាគ៣ ដែលបានចូលរួមការស្ទង់មតិ ជឿជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចដំបូង តាមរយៈការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០១៤ គួរតែដល់ពេលចុះចេញពីអំណាចវិញហើយ នៅថ្ងៃទី២៤ ខែសីហា គឺត្រូវនឹងថ្ងៃពុធសប្តាហ៍នេះ ដោយសារតែរយៈពេលជា ប្រមុខរដ្ឋាភិបាលយោធារបស់លោក ក៏រាប់បញ្ចូលក្នុងរយៈពេលនៃ អាណត្តិនាយករដ្ឋមន្រ្តីរបស់លោកដែរ។ យោងតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្រ្តី អាចកាន់អំណាចបានយូរបំផុតសរុបត្រឹម ៨ឆ្នាំ។
នៅថ្ងៃអង្គារនេះ កម្លាំងប៉ូលិសថៃបានបិទតំបន់នានា នៅជុំវិញការិយាល័យនាយករដ្ឋមន្រ្តី ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក ដោយដាក់ពង្រាយរនាំងបាំងផ្លូវ ក្នុងនោះរួមទាំងការប្រើប្រាស់ទូកុងតឺណឺផងដែរ ហើយសម្រួលចរាចរណ៍ទៅកាន់កន្លែងផ្សេង។ លោក ប្រាយុទ្ធ ក៏បានទៅដល់ការិយាល័យ ដើម្បីបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ផងដែរ។
គួរបញ្ជាក់ថា ដោយបច្ចុប្បន្នស្ថិតក្នុងវ័យ៦៨ឆ្នាំ លោក ប្រាយុទ្ធ ចាន់អូចា គឺជាអគ្គមេបញ្ជាការយោធា នៅពេលដែលលោកបានដឹកនាំ ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិល របស់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ កាលពីឆ្នាំ២០១៤។ បន្ទាប់មក លោកក៏បានក្លាយជា នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស៉ីវិល នៅឆ្នាំ២០១៩ ក្រោយការបោះឆ្នោតសកល។ ការបោះឆ្នោតសកលបន្ទាប់ទៀត ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣។
ប៉ុន្តែនាពេលនេះ គណបក្សប្រឆាំងភឿថៃ (Pheu Thai) បានដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញ ធ្វើការសម្រេចថាតើលោក ប្រាយុទ្ធ អាចកាន់អំណាចបានយូរប៉ុនណាឱ្យប្រាកដ ខណៈតុលាការអាចនឹងជ្រើសរើសទទួលយក ឬក៏ច្រានចោលញត្តិរបស់បក្សភឿថៃ នៅថ្ងៃពុធសប្តាហ៍នេះ។ ខាងក្រុមប្រឆាំងបានលើកឡើងថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ បានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៤ គឺប៉ុន្មានខែក្រោយរដ្ឋប្រហារយោធា ដូច្នេះហើយវាគួរតែបញ្ចប់នៅមុនដំណាច់ខែនេះ ក្រោយគ្រប់៨ឆ្នាំ។
ដោយឡែក ក្រុមអ្នកគាំទ្រមួយចំនួនបានប្រកែកថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក គឺទើបតែបានចាប់ផ្តើមនៅឆ្នាំ២០១៧ ជាពេលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬក៏ក្រោយការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលមានន័យថា លោក ប្រាយុទ្ធ គួរតែត្រូវបានអនុញ្ញាតឱ្យបន្តកាន់អំណាច រហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០១៧ ប្រសិនបើលោកនៅទទួលបាន សំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា៕