(សៀងហៃ)៖ តំបន់ឆុងឈីង (Chonqging) និងតំបន់ស៉ីឈួន (Sichuan) ដែលស្ថិតនៅភាគនិរតីប្រទេសចិន កំពុងទប់ទល់នឹងភ្លើងឆេះព្រៃ នៅថ្ងៃអង្គារនេះ ខណៈដែលប្រជាជនរំពឹងទុកថាសីតុណ្ហភាពក្តៅខ្លាំង នឹងថយចុះដោយសារភ្លៀងធ្លាក់នាសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

ទីក្រុង Chongqing និង Sichuan ជាកន្លែង ដែលមានភ្លៀងធ្លាក់តិចជាងឆ្នាំធម្មតាប្រមាណ ៨០% ត្រូវប្រឈមនឹងភ្លើងឆេះព្រៃចំនួន ១៩លើក ចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក។ អាជ្ញាធរបានបង្កើន «ការជូនដំណឹងព័ណ៌ក្រហម» នៅថ្ងៃអង្គារនេះ ដោយព្រមានថាស្ថានភាពគឺ «គ្រោះថ្នាក់ខ្លាំង» នៅក្នុងតំបន់ព្រៃនៃភាគកណ្តាល, ភាគខាងត្បូងតំបន់ឆុងឈីង និងភាគខាងកើតតំបន់ស៉ីឈួន។ មន្រ្តីពន្លត់អគ្គីភ័យរដ្ឋចំនួនជាង ២,៨០០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីនោះដើម្បីជួយគ្រប់គ្រងស្ថានការណ៍។ ជាមួយគ្នានេះ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិន ក៏បានព្រមានថា ខេត្តជាំងស៉ី (Jiangxi), ហួណាន (Hunan) និង ឈុយស៊ូ (Guizhou) ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងឆេះព្រៃ និងវាលស្មៅ ផងដែរ។

យ៉ាងនេះក្តី មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា បើទោះបីជាប្រទេសចិននៅតែស្ថិតក្នុង «ការប្រកាសអាសន្នពណ៌ក្រហម» រយៈពេល ១២ថ្ងៃក៏ដោយ ប៉ុន្តែសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងផ្នែកខ្លះនៃភាគកណ្តាលប្រទេសចិន នៅថ្ងៃពុធសប្តាហ៍នេះ ហើយនៅតំបន់ឆុងឈីង និងស៉ីឈួន សីតុណ្ហភាពនឹងធ្លាក់ចុះ ចាប់ពីថ្ងៃទី២៩ ខែសីហា។

គួរបញ្ជាក់ថា កសិករនៅក្នុងទីក្រុង Chongqing ក៏បាននឹងកំពុងដំឡើងប្រព័ន្ធធារាសាស្រ្តបណ្តោះអាសន្ន ដើម្បីសង្រ្គោះដំណាំរបស់ពួកគេ ហើយធ្វើការនៅពេលយប់ដើម្បីជៀសវាងកំដៅខ្លាំង។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតរយៈពេលវែង អាចនឹងអូសបន្លាយរហូតដល់ខែក្រោយ ជាមួយនឹងហានិភ័យនៃការប្រមូលផលនារដូវស្លឹកឈើជ្រុះ៕