(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៉ីល លោក ហ្ស៊ែរ បុលសូណារ៉ូ (Jair Bolsonaro) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកនឹងទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតនាខែតុលាខាងមុខនេះ ដោយមិនគិតពីលទ្ធផលឈ្នះ ឬចាញ់នោះទេ ប្រសិនបើការបោះឆ្នោតប្រព្រឹត្តិទៅដោយ «ស្មោះត្រង់ និងតម្លាភាព»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប្រេស៉ីល Globo អ្នកនយោបាយស្តាំនិយមរូបនេះបានលើកឡើងដោយមិនបានបង្ហាញភស្តុតាងថាមានការក្លែងបន្លំ នៅក្នុងការបោះឆ្នោតប្រេស៊ីល កន្លងមក ជាពិសេសតាមរយៈការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកដែលលោកផ្ទាល់ចោទថាជាកត្តាមួយជំរុញឱ្យមាន ការលួចបន្លំសន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះ លោកក៏បានសង្កត់ធ្ងន់ដែរថាយោធាគួរតែមានតួនាទីក្នុងការសម្រេចនូវតម្លាភាពនៃការបោះឆ្នោត។
គួរបញ្ជាក់ថា តាមការស្ទង់មតិមួយបង្ហាញថា លោក Bolsonaro កំពុងតាមពីក្រោយក្នុងការប្រណាំងប្រជែងតំណែងជាប្រធានាធិបតី ជាមួយគូប្រជែង របស់លោកមកពីក្រុមឆ្វេងនិយម គឺអតីតប្រធានាធិបតី លោក ល្វិស អ៉ីណាត្យូ លូឡា ដា សីលវ៉ា (Luiz Inacio Lula da Silva) ដែលធ្លាប់ដឹកនាំ ប្រទេសប្រេស៉ីលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ ជាពេលដែលសេដ្ឋកិច្ចរបស់ប្រេស៊ីលកំពុងមានការរីកចម្រើន៕