(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយថារដ្ឋបាលរបស់លោកស្រី នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពយោធា ចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

ថ្លែងទៅកាន់អតីតមន្ត្រីអាមេរិកជាច្រើននាក់ដែលបានបំពេញទស្សនកិច្ចនៅតៃវ៉ាន់ នៅថ្ងៃអង្គារនេះ លោកស្រី សៃ ក៏បានឱ្យដឹងដែរថាតៃវ៉ាន់បាន មើលឃើញពីសកម្មភាពរបស់យោធាចិន តាំងតែពីជាង ៦០ឆ្នាំមុនមកម្ល៉េះ គឺនៅពេលដែលកងទ័ពចិនទម្លាក់គ្រាប់បែកលើឆ្នេរសមុទ្រកោះតៃវ៉ាន់ ប៉ុន្តែ តៃវ៉ាន់ នៅតែប្តេជ្ញាចិត្តដើម្បីការពារមាតុភូមិរហូតមកដល់សព្វថ្ងៃនេះ។

បើតាមលោកស្រី សៃ សកម្មភាពរបស់យោធាចិន នៅក្បែរកោះគីមិន (Kinmen) និងកោះម៉ាតស៊ូ (Matsu) ដែលគ្រប់គ្រងដោយតៃវ៉ាន់ និងស្ថិត នៅក្រៅឆ្នេរសមុទ្រចិន បានកើតមានចាប់តាំងតែពីខែសីហា ឆ្នាំ១៩៥៨ មកម្ល៉េះ។ លោកស្រី បានគូសបញ្ជាក់ថា «កាលពីជាង ៦៤ឆ្នាំមុន ក្នុងអំឡុងសមរភូមិ ថ្ងៃទី២៣ ខែសីហា ទាហាន និងជនស៉ីវិលរបស់យើងបានធ្វើប្រតិបត្តិការដោយសាមគ្គីភាព និងការពារតៃវ៉ាន់ ដូច្នេះទើបយើង អាចមានតៃវ៉ាន់បែបប្រជាធិបតេយ្យដូចពេលបច្ចប្បន្ននេះ»

លោកស្រី បានបន្ថែមថា «ការប្រយុទ្ធគ្នាដើម្បីការពារមាតុភូមិរបស់យើងបានបង្ហាញពិភពលោកថា គ្មានការគំរាមកំហែងណាមួយអាចធ្វើឱ្យ រង្គោះរង្គើរដល់ការតាំងចិត្តរបស់ប្រជាជនតៃវ៉ាន់ឡើយ។ យើងក៏នឹងបង្ហាញពិភពលោកថា ប្រជាជនតៃវ៉ាន់មានទាំងការតាំងចិត្ត និងទំនុកចិត្ត ដើម្បីការពារសន្តិភា និងសន្តិសុខ សេរីភាព និងវិបុលភាព សម្រាប់ខ្លួនយើង»

គួរបញ្ជាក់ថា ភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិន បានកើនឡើងខ្លាំងក្នុងខែសីហានេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ពីសំណាក់ ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ហើយចិនក៏បានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់នៅជុំវិញតៃវ៉ាន់ ជាការឆ្លើយតប ផងដែរ៕