(យូអិន)៖ អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ (UN) លោក ស្ទេហ្វាន ឌូហ្សារ៉ិច (Stephane Dujarric) បាននិយាយនៅថ្ងៃចន្ទ សប្តាហ៍នេះថា អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការស៊ើបអង្កេត លើករណីបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់អ្នកកាសែតរុស្ស៊ី អ្នកនាង ដារីយ៉ា ឌូហ្គីណា (Darya Dugina)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
អ្នកនាង ដារីយ៉ា ឌូហ្គីណា បានស្លាប់ក្រោយការបំផ្ទុះគ្រាប់បែកដែលបានបំផ្លាញរថយន្ដ Toyota Land Cruiser ១គ្រឿង ខណៈដែលអ្នកនាងកំពុង បើកបរនៅឯជាយក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ លោក ឌូហ្សារ៉ិច បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមអំពាវនាវឲ្យមាន ការស៉ើបអង្កេត ដើម្បីបង្កើតអង្គហេតុពេញលេញនៅពីក្រោយការស្លាប់របស់អ្នកនាង ឌូហ្គីណា»។
គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី FSB បានចោទប្រកាន់ត្រង់ៗថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន គឺជាអ្នកសម្លាប់អ្នកនាង ឌូហ្គីណា ហើយជនល្មើសជាជនជាតិអ៊ុយក្រែន ឈ្មោះណាតាលីយ៉ា វ៉ូវ (Natalia Vovk) ដែលភៀសខ្លួនទៅកាន់ប្រទេសអេស្តូនី។ ក៏ប៉ុន្តែ អ៊ុយក្រែន បានអះអាងថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះទេ។
អ្នកនាង ឌូហ្គីណា គឺជាកូនស្រីរបស់លោក អាឡិចហ្សាន់ឌឺ ឌូហ្គីន (Alexander Dugin) ដែលជាអ្នកជាតិនិយមជ្រុលរុស្ស៉ីម្នាក់ចង់ឱ្យរុស្ស៉ី ក្រសោបយកអ៊ុយក្រែនទាំងមូល និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតី ពូទីន៕