(ហែលស៉ិនគី)៖ ការិយាល័យនាយករដ្ឋមន្រ្តីហ្វាំងឡង់បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ការធ្វើតេស្តរកសារធាតុញៀនរបស់លោកស្រី សាន់ណា ម៉ារីន (Sanna Marin) បានទទួលលទ្ធផល «អវិជ្ជមាន» ដែលអាច «ជម្រះការសង្ស័យ» ក្រោយការបែកធ្លាយវីដេអូរាំរបស់លោកស្រី ក្នុងពិធីជប់លៀងជាលក្ខណៈឯកជន ហើយបង្កឱ្យមានការរិះគន់កាលពីសប្តាហ៍មុននោះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីហ្វាំងឡង់ អ្នកនាង លីដា វ៉ាលីន (Iida Vallin) បានប្រាប់ AFP ឲ្យដឹងថាលោកស្រី ម៉ារីន បានធ្វើតេស្តរក សារធាតុញៀនជាច្រើនប្រភេទដូចជា កូកាអ៊ីន អំហ្វេតាមីន, កញ្ឆា, និងអាភៀន ជាដើម។ តែលទ្ធផលចេញមក «អវិជ្ជមាន» ទាំងអស់។
សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីហ្វាំងឡង់ បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើតេស្តរកសារធាតុញៀនលើលោកស្រី សាន់ណា ម៉ារីន (Sanna Marin) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មិនបានបង្ហាញវត្តមានរបស់ថ្នាំញៀនប្រភេទណាមួយនោះទេ ហើយ លទ្ធផលនៃការធ្វើតេស្ត ក៏ត្រូវបានចុះហត្ថលេខាដោយវេជ្ជបណ្ឌិតផងដែរ។ វាជាការធ្វើតេស្តតាមវិធីទូទៅ ហើយយើងមិនបានជ្រើសរើស ពីរបៀបនៃការធ្វើតេស្តនោះទេ»

គួរបញ្ជាក់ថា វីដេអូរយៈពេល ២នាទីនៃការច្រៀង និងរាំរបស់លោកស្រី ម៉ារីន ជាមួយក្រុមអ្នកមានឥទ្ធិពល និងសិល្បករក្នុងស្រុកល្បីៗ ត្រូវបាន ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វាំងឡង់ កាលពីថ្ងៃពុធសប្តាហ៍មុន។ កាលពីខែធ្នូ ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីហ្វាំងឡង់រូបនេះ ក៏ធ្លាប់ទទួលនូវរងការរិះគន់ផងដែរ បន្ទាប់ដោយលោកស្រីត្រូវបានគេប្រទះឃើញស្ថិតនៅខាងក្រៅ បើទោះបីជាលោកស្រីបានប៉ះពាល់នឹងអ្នកឆ្លងកូវីដ ១៩ ក៏ដោយ៕