(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ទទួលបានព័ត៌មានសម្ងាត់ដែលថារុស្ស៉ីគ្រោងនឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋាភិបាលរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះ ដដែល បានគូសបញ្ជាក់ដូច្នេះថា «យើងមានព័ត៌មាន ដែលថារុស្ស៉ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ...យើងពិតជាមានការព្រួយបារម្ភពីការព្រមាន ជាបន្តបន្ទាប់ ចំពោះការវាយប្រហាររបស់រុស្ស៉ីប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
គួរបញ្ជាក់ថា ការអះអាងរបស់មន្ត្រីអាមេរិកខាងលើ កើតមានឡើងបន្ទាប់ពីអាជ្ញាធរអ៊ុយក្រែន បានសម្រេចចិត្តហាមឃាត់ការប្រមូលផ្ដុំ ឬការ ជួបជុំគ្នាប្រារព្ធទិវាទទួលបានឯករាជ្យពីសហភាពសូវៀតរបស់អ៊ុយក្រែន ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ខែសីហានេះ ដោយសារតែបារម្ភ ថារុស្ស៉ីអាចនឹងបង្កើនការវាយប្រហារក្នុងថ្ងៃបុណ្យជាតិមួយនេះ។ ក៏ប៉ុន្តែ រុស្ស៉ីជារឿយៗបានច្រានចោលការចោទប្រកាន់ និងបានអះអាងថា ទាហានរបស់ខ្លួនវាយប្រហារតែទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាតែប៉ុណ្ណោះ ដោយមិនមានគោលដៅលើជនស៊ីវិលឡើយ៕