(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោលសំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់ សហភាពអឺរ៉ុប។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោន និងសុវត្ថិភាពរបស់សកម្មជនរុស្ស៉ី និងជនងាយរងគ្រោះដោយសារការបំពានសិទ្ធិមនុស្សនោះទេ ហើយ យើងក៏ចង់បែងចែកគ្នាឱ្យបានច្បាស់រវាងសកម្មភាពរដ្ឋាភិបាលរុស្ស៉ី គោលនយោបាយរបស់ពួកគេនៅអ៊ុយក្រែន និងប្រជាជនរុស្ស៉ី»។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា រដ្ឋបាលលោក ចូ បៃដិន បានដាក់បម្រាមទិដ្ឋាការលើក្រុមមន្ត្រីវិមានក្រឹមឡាំងកន្លងមកដែរ ហើយនឹងបន្ត ផ្ដោតដាក់ទណ្ឌកម្មតែទៅលើអ្នកដែលមានជាប់ពាក់ព័ន្ធ ឬទទួលខុសត្រូវលើការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក បណ្ដាប្រទេសអឺរ៉ុបមួយចំនួនក្នុងនោះរួមមានទាំង អាល្លឺម៉ង់ក៏បានច្រានចោលសំណើរបស់លោក ហ្សេលេនស្គីផងដែរ ដោយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានសង្កតធ្ងន់ថាពលរដ្ឋរុស្ស៉ីមានសិទ្ធិភៀសខ្លួនចេញពីប្រទេស ប្រសិនបើពួកគេមិនយល់ស្របជាមួយរបបដឹកនាំរបស់ពួកគេ៕