(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងប្រឆាំងក្រសួងយុត្តិធម៌អាមេរិក និងបានស្នើ ឱ្យចៅក្រមសហព័ន្ធម្នាក់បញ្ឈប់ការស៊ើបអង្កេតរបស់ក្រសួង ពាក់ព័ន្ធនឹងឯកសារមួយចំនួនដែលប៉ូលិស FBI បានរឹបអូសនៅក្នុង ប្រតិបត្តិការឆ្មក់ឆែកឆេរផ្ទះរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។

នៅក្នុងពាក្យបណ្ដឹងខាងលើដដែល ក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ ក៏បានស្នើផងដែរឱ្យតែងតាំងមេធាវីឯករាជ្យម្នាក់ ដើម្បី ត្រួតពិនិត្យឯកសារដែល FBI បានរឹបអូសចេញពីផ្ទះរបស់លោក នៅឯរមណីយដ្ឋាន ម៉ា អា ឡាហ្គូ (Mar-a-Lago) ក្នុងរដ្ឋផ្ល័រីដា កាលពីដើមខែសីហានេះ។

គួរបញ្ជាក់ថា បើតាមប៉ូលិស FBI មានឯកសារសម្ងាត់ចំនួន ១១ច្បាប់ ត្រូវបានរឹបអូសចេញពីផ្ទះរបស់លោក ដូណាល់ ត្រាំ កាលពី ថ្ងៃទី៨ ខែសីហា ខណៈលោក ត្រាំ ផ្ទាល់កំពុងត្រូវបានស៊ើបអង្កេតជុំវិញការកាន់កាប់ឯកសារដោយខុសច្បាប់៕