(ប៉េកាំង)៖ ថ្ងៃទី២១ ខែសីហា រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយគ្រឿង នៃផ្លូវដែកហ្សាការតា-បានឌុង ដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិនទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថា រថភ្លើងល្បៀនលឿនដែលចិននាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាគម្រោងនិមិត្តសញ្ញានៃកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេស នៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ឡើងជាប្រព័ន្ធ និងមានលក្ខណៈពេញលេញផងដែរ។

ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងមានប្រវែងសរុប ១៤២គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យានិងស្តង់ដាចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយទៅជាផ្លូវដែកល្បឿនលឿនខ្សែទីមួយ នៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍៕

វិទ្យុមិត្តភាពកម្ពុជាចិន