(កៀវ)៖ ជំនួយការរបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវមិនបានពាក់ព័ន្ធអ្វីនឹងការធ្វើឃាត អ្នកនាង ដារីយ៉ា ឌូហ្គីណា (Darya Dugina) ដែលជាកូនស្រីរបស់ អ្នកអត្ថាធិប្បាយនយោបាយ និងជាទស្សនវិទូរុស្ស៉ី លោក អាឡិចសាន់ដឺ ឌូហ្គីន (Alexandr Dugin) ឡើយ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។
ថ្លែងតាមទូរទស្សន៍រដ្ឋ លោក មីឃែល ប៉ូដូឡាក់ (Mikhail Podoliak) ដែលជាជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ៊ុយក្រែនមិនមែនជារដ្ឋភេរវករឡើយ ហើយនេះគឺជាការឆ្លើយតបយ៉ាងច្បាស់ លើការសង្ស័យរបស់ក្រុមមន្រ្តីរុស្ស៉ីដែលថា ទីក្រុងកៀវប្រហែលជានៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ, ខ្ញុំចង់សង្កត់ធ្ងន់ថាអ៊ុយក្រែនមិនមានហេតុផលអ្វី ដែលត្រូវធ្វើបែបនេះឡើយ»។ លោក ប៉ូដូឡាក់ បានបន្ថែមថា ការសម្លាប់កូនស្រីរបស់មនុស្សជំនិតរបស់លោក ពូទីន ខាងលើនេះ គឺជាសក្ខីកម្មដែលបង្ហាញពីការតស៊ូដើម្បីអំណាច និងឥទ្ធិពលក្នុងចំណោមក្រុមផ្សេងៗនៅប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា អ្នកនាង ដារីយ៉ា ឌូហ្គីណា (Darya Dugina) មានអាយុ ២៩ឆ្នាំ បានស្លាប់ ក្រោយការបំផ្ទុះគ្រាប់បែក ដែលបានបំផ្លាញរថយន្ដ Toyota Land Cruiser ១គ្រឿង ខណៈដែលអ្នកនាងកំពុងបើកបរ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៉ីបានឱ្យដឹងជាបឋមថា ការបំផ្ទុះគ្រាប់បែកនេះ អាចជាការប៉ុនប៉ងធ្វើឃាតលើ ឪពុករបស់អ្នកនាង ដារីយ៉ា ឌូហ្គីណា។ អ្នកនាង ដារីយ៉ា និងឪពុកត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅចូលរួមក្នុងពិធីមួយនៅឯជាយ ទីក្រុងមូស្គូ។ ប៉ុន្តែ លោក ឌូហ្គីន ជាឪពុកស្រាប់តែដូររថយន្ដជាមួយនឹងកូនស្រី នៅនាទីចុងក្រោយ៕