(ប៉េកាំង)៖ ឆ្នាំ១៩៩៨ លោក Xi Jinping បានផ្ទេរទៅស្រុក Ningde ដែលជា «ទីមូលដ្ឋានប្រយុទ្ធចាស់ ទីប្រជុំជនជាតិភាគតិច ទីព្រំដែនដែនគោក នៅលើកោះនិងតំបន់ក្រីក្រ» ធ្វើជាលេខានៃគណៈកម្មាការគណបក្សស្រុក។ កន្លែងក្រីក្រកំពុងទន្ទឹងរង់ចាំមន្ត្រីថ្មី ដើម្បីស្វាគមន៍ការមកដល់របស់លោក Xi Jinping ស្រុក Ningde បាននាំចូលរថយន្តថ្មីចំនួនពីរគ្រឿង ដែលមួយក្នុងចំណោមរថយន្តទាំងពីរនោះ មានបំណងចង់ជូនលោក Xi Jinping ជិះដើម្បីធ្វើដំណើរ។ ការរៀបចំនេះ ដើមឡើយសមហេតុផល ប៉ុន្តែត្រូវបានលោក Xi Jinpingច្រានចោល។ «ឡាននៅតែជិះឡានតូច ដែលលេខាចាស់ចូលនិវត្តន៍ធ្លាប់ជិះនោះ ហើយប្រើអ្នកបើកបរដើមនោះបានហើយ»។ លោកថា «យើងស្ថិតនៅក្នុងតំបន់ក្រីក្រ កុំគិតតែមុខមាត់អី។ យកល្អគឺសន្សំសំចៃ»។
លោក Xi Jinping បានធ្វើការ និងរស់នៅក្នុងស្រុក Ningde អស់រយៈពេលពីរឆ្នាំ។ ទោះបីជាមានឡានពិសេសក៏ដោយ តែរាល់ពេលភរិយារបស់លោកគឺលោកស្រី Peng Liyuan មកលេង លោកស្រីសុទ្ធតែជិះឡានក្រុងដោយខ្លួនឯង ឬសុំជិះឡានអ្នកផ្សេង។ មានពេលមួយ លោកស្រី Peng Liyuan បានទៅស្រុក Ningde ដើម្បីសួរសុខទុក្ខលោក Xi Jinping ហើយនៅពេលដែលលោកស្រីគ្រោងនឹងត្រឡប់ទៅវិញ មានមិត្តរួមការងាររបស់លោក Xi Jinping ក៏គ្រោងនឹងត្រឡប់ទៅទីក្រុង Fuzhou ផងដែរ។
លោក Xi Jinping បានសួរមិត្តរួមការងាររបស់គាត់ថា «តើអ្នកត្រលប់ទៅវិញនៅពេលណា?» «តើអ្នកណាខ្លះនឹងជិះឡានរបស់អ្នកនៅពេលអ្នកត្រលប់ទៅវិញ?» នៅពេលដែលម្នាក់នោះឆ្លើយថា មានតែមិត្តរួមការងារនិងប្រពន្ធពីរនាក់ប៉ុណ្ណោះទេ លោក Xi Jinping បានសួរថា «បងស្រី Peng Liyuan ត្រលប់ទៅវិញដែរ តើអាចយកគាត់ទៅជាមួយបានទេ?»។
«ខ្ញុំគិតក្នុងចិត្តថា ក្នុងនាមជាលេខាគណកម្មការគណបក្សក្នុងតំបន់ ភរិយារបស់គាត់កម្រមកលេងគាត់ណាស់ គាត់យកឡានផ្ទាល់ខ្លួនគាត់ទៅជូនដំណើរជារឿងធម្មតាទេ។ ប៉ុន្តែគាត់មិនដែលកេងចំណេញពីរដ្ឋទេ។ ខ្ញុំសរសើរគាត់ជាគំរូក្នុងនាមជាមេដឹកនាំ»។ ប៉ុន្មានឆ្នាំក្រោយមក សហការីលោកXiJinpingបានរំលឹកដល់រឿងនេះ។
នៅពេលដែលកាន់អំណាចនៅស្រុក Ningde លោក Xi Jinping ធ្លាប់បាននិយាយថា «អំណាចនៃបក្សកុម្មុយនីស្តរបស់យើងខ្ញុំ មិនថាធំ ឬតូច គឺត្រូវបានផ្តល់ដោយប្រជាជន ហើយក៏អាចត្រូវបានបញ្ជាដោយប្រជាជនតែប៉ុណ្ណោះ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជន»។ ដើម្បីរឹតបន្តឹង និងត្រួតពិនិត្យការប្រើប្រាស់អំណាច លោក Xi Jinping បានដឹកនាំក្នុងការបង្កើត «ស្តីពីបទប្បញ្ញត្តិមួយចំនួនស្តីពីសុច្ចរិតភាព និងច្បាប់វិន័យដោយខ្លួនឯង សម្រាប់កម្មាភិបាលអ្នកដឹកនាំនៃគណៈកម្មាការស្រុក និងការិយាល័យរដ្ឋបាល» ដែលមានមួយមាត្រាក្នុងចំណោមនោះគឺ «ហាមឯកជនប្រើប្រាស់រថយន្តរដ្ឋ ក្នុងកាលៈទេសៈឯកជនណាមួយ»។
បញ្ហាខ្លះនៃអាកប្បកិរិយាប្រហែលមើលទៅហាក់ដូចជាមិនធំទេ បាយពីរបីពេល ស្រាពីរបីកែវ និងកាតទិញអីវ៉ាន់ពីរបីសន្លឹក ប៉ុន្តែពួកវាទាំងអស់ពាក់ព័ន្ធនឹងព្រំដែនរវាងរដ្ឋ និងឯកជន ហើយទាំងអស់សុទ្ធតែទាក់ទងនឹងថវិការដ្ឋនិងអំណាចសាធារណៈ។ លោក Xi Jinpingបានមានប្រសាសន៍ថា ថវិការដ្ឋជាថវិកាសាធារណៈ មិនគួរត្រូវបានចំណាយដោយតាមចិត្តនោះទេ។ អំណាចសាធារណៈគឺបម្រើសម្រាប់ប្រជាជន មិនអាចប្រើប្រាស់សម្រាប់ឯកជនជាដាច់ខាត៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន