(ប៉េកាំង)៖ ក្រុមចម្រុះជាតិសាសន៍ ដែលជាលក្ខណៈពិសេសមួយរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ។ នៅក្នុងប្រវត្តិសាស្រ្តអារ្យធម៌អភិវឌ្ឍជាង៥០០០ឆ្នាំរបស់ប្រទេសចិន ក្រុមជាតិសាសន៍ ឬជនជាតិជាច្រើនបានចូលមករស់នៅ ក្នុងប្រទេស។ ដោយមានការវិវត្ត ការច្របាច់បញ្ចូលគ្នា និងការបង្រួបបង្រួមកម្លាំងសាមគ្គី ក្រុមជនជាតិចំនួន៥៦បានលេចឡើង ដែលក្នុងនោះក៏រួមមានជនជាតិអ៊ុយហ្គ័រ ដែលបានប្រមូលផ្តុំគ្នាច្រើនរស់នៅក្នុងតំបន់ស៊ីនជាំងផងដែរ ហើយឥឡូវនេះក្រុមជនជាតិទាំង៥៦ បានបង្កើតឲ្យមានប្រជាជាតិចិន ដែលបានចូលរួមគ្នាក្នុងការកសាងប្រទេសចិន ដោយបង្កើតឲ្យមានប្រវត្តិសាស្រ្តដ៏យូរលង់ និងវប្បធម៌ដ៏អស្ចារ្យ។
ដើម្បីលើកកម្ពស់ និងកែលម្អប្រព័ន្ធស្វ័យភាពជាតិសាសន៍ក្នុងតំបន់ រដ្ឋាភិបាលចិនបានផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួន លើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នារវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួមរបស់ក្រុមជាតិសាសន៍ទាំងអស់ ការបង្រួបបង្រួមមានតួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ ដើម្បីស្វ័យភាពរបស់ក្រុមជាតិសាសន៍ក្នុងតំបន់។ ទី២-ការរួមបញ្ចូលគ្នារវាងកត្តានានានៃក្រុមជាតិសាសន៍ និងកត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាពនៃក្រុមជាតិសាសន៍ក្នុងតំបន់ពាក់ព័ន្ធ ទៅនឹងកត្តានៃក្រុមជនជាតិ និងកត្តាតំបន់។
លើសពីនេះដើម្បីលើកទឹកចិត្តដល់សាសនា ឲ្យសម្របខ្លួនទៅតាមបែបបទសង្គមនៅក្នុងលទ្ធិសង្គមនិយម រដ្ឋាភិបាលចិនបានលើកទឹកចិត្តដល់ អ្នកដែលមានជំនឿឲ្យស្រឡាញ់ប្រទេស និងប្រជាជន រក្សាការបង្រួបបង្រួមប្រទេស និងមហាសាមគ្គីភាពរបស់ប្រជាជាតិចិន គោរពតាមនិងបម្រើដល់ផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងផលប្រយោជន៍រួមនៃប្រជាជាតិចិន ប្រកាន់ខ្ជាប់នូវមាគ៌ានៃលទ្ធិសង្គមនិយមបែបផែនចិន អនុវត្តគោលការណ៍គុណតម្លៃស្នូល នៃលទ្ធិសង្គមនិយម លើកកម្ពស់វប្បធម៌ចិន និងព្យាយាមធ្វើការរួមបញ្ជូលគ្នា រវាងជំនឿខាងសាសនា និងវប្បធម៌ចិន គោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋ ព្រមទាំងស្ម័គ្រចិត្តគោរពតាមអភិបាលកិច្ច ផ្អែកលើមូលដ្ឋានច្បាប់របស់រដ្ឋ ចូលរួមក្នុងការកែទម្រង់ និងការបើកទូលាយ ក៏ដូចជាទំនើបកម្មនៃលទ្ធិសង្គមនិយម ហើយរួមចំណែកដល់ការសម្រេចបាននូវក្តីសុបិនចិន ក្នុងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិនផងដែរ។
ក្នុងន័យនេះ តំបន់ស្វ័យតស៊ីនជាំងគឺជាគំរូភាពមួយសាមគ្គីភាព របស់ជនជាតិអ៊ុយហ្គ័រនិងបណ្តាជនជាតិដទៃទៀត នៅក្នុងចរន្តពហុជាតិពន្ធុសម្រាប់វឌ្ឍនភាព តំបន់ស៊ីនជាំងនិយាយដោយឡែក និងការអភិវឌ្ឍជាតិឱ្យខ្លាំងក្លានិយាយរួម។
ដើម្បីចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាក់ស្តែងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ រហូតដល់ឆ្នាំ២០៣០ ក្នុងប្រទេសចិននិយាយរួម តំបន់ស៊ីនជាំងនិយាយដោយឡែក បានប្រែក្លាយទៅជាគំរូភាពមួយដ៏ប្រត្យក្ស ដែលពិភពលោកមិនអាចប្រកែកបាននោះ គឺការប្រើប្រាស់ថាមពលស្អាតក្នុងការបំភាយកាបូនទាប។
ការត្រៀមខ្លួនសម្រាប់បៃតងភាព របស់ពិភពលោករបស់តំបន់ស៊ីនជាំង មិនត្រឹមតែសម្រាប់តំបន់ ឬសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ តែតំបន់នេះបានចូលរួមចំណែកយ៉ាងសកម្មចំនួន៤៥% ក្នុងចំណោម៨០%នៅការនាំចេញរបស់ចិន ទៅកាន់ពិភពលោកនៃផលិតផលសារធាតុ Polysilicium ដែលជាធាតុផ្សំចាំបាច់បំផុតសម្រាប់ផលិតផ្ទាំងសូឡា និង ឧបករណ៍សឺមីកុងឌុកទ័រនៅក្នុងសម្ភារៈអេឡិចត្រូនិកនានា ហើយដែលត្រូវបានរដ្ឋាភិបាលអាមេរិកប្រើប្រាស់បញ្ញត្តិសិទ្ធិមនុស្ស ជាលេសក្នុងការហាមឃាត់ការនាំចូលទៅបំពេញតម្រូវការ នៅទីផ្សាររបស់អាមេរិក ដែលនេះជាការបង្អាក់ការរីកចម្រើន វិស័យបច្ចេកវិទ្យា និងការចូលរួមសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់ពិភពលោកផងដែរ។
លើសពីនេះ ដោយមិនរាប់បញ្ចូលនូវក្រុង Wulumuqi ដែលជាគជ់មួយគ្រាប់តាមបណ្តោយផ្លូវសូត្រ សមុទ្រខ្សាច់គ្មានព្រំដែន តំបន់ហ្គោប៊ីដ៏ធំល្វឹងល្វើយ ភ្នំដែលលាតសន្ធឹងរាប់ពាន់ម៉ែត្រ តំបន់ដែលគ្របដណ្តប់ដោយដើមឈើនិងស្មៅ ពោរពេញដោយភាពរស់រវើក បឹង Sayram អណ្តូងការ៉េស និងមណ្ឌលស្វយ័ត Ili Kazak ដែលត្រូវគេប្រសិទ្ធនាមថាស្រុកកំណើតសេះ របស់ប្រទេសចិនជាដើម នៅគ្រប់រដូវកាល យើងនឹងឃើញវាលស្រែ វាលកប្បាស និងចម្ការផល្លានុផលមើលដាច់កន្ទុយភ្នែក បាននិងកំពុងទាក់ទាញទេសចរចម្រុះជាតិសាសន៍រាប់លាននាក់ ជារៀងរាល់ឆ្នាំដែលរួមបញ្ចូលទាំងដំណើរទស្សនកិច្ច រយៈពេល៦ថ្ងៃកាលពីចុងខែឧសភា ឆ្នាំ២០២២នៅក្នុងប្រទេសចិន របស់លោកស្រី មីស្ហែល បាស្ហឺឡេ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទៅឈ្វេងយល់ និងដកយកបទពិសោធន៍ពីបៃតងភាព និងសង្គមសុខដុមនីយកម្មសន្តិភាវូបនីយកម្ម លំហសេរីភាព និងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ដែលមានភាពពហុជាតិពិន្ធុ និងពហុសាសនា។
ដើម្បីចូលរួមជាចំណែកដ៏សំខាន់បំផុតមួយដល់ ការរក្សាបានសន្តិសុខស្បៀងរបស់ពិភពលោក តំបន់ស៊ីន ជាំងកំពុងពន្លឿនការបង្កបង្កើនផលកសិកម្ម ដោយប្រើប្រាស់នវានុវត្តបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការធានាឱ្យដំណាំគ្រប់ ប្រភេទទទួលមិនត្រឹមតែបានផលបរិបូរណ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យទិដ្ឋភាពដែលមិនឃើញមានមនុស្សជាប់រវល់ ក្នុងរដូវកាលមមាញឹកនឹងធ្វើការងារស្រែចម្ការក្លាយជារឿងប្រក្រតីទៀតផង។ ជាក់ស្តែងតួលេខបានបង្ហាញថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ បរិមាណសរុបនៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំង បានកើនពី១៣៩៨០០លានប្រាក់យាន់ចិន ឡើងដល់១៥៦៩០០លានប្រាក់យាន់ចិន ដៃគូពាណិជ្ជកម្មពាសពេញនៅប្រទេសនិងតំបន់ចំនួន ជាង១៧០នៅលើពិភពលោក។
ការណ៍នេះបានទាក់ទាញការសិក្សារៀនសូត្ររបស់បរទេស ពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់តំបន់ស៊ីនជាំង ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក Collen V. Kelapile ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ ថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ថា បទពិសោធកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន មានតម្លៃក្នុងការយកទៅសិក្សារៀនសូត្រ។
បើទោះបីជាប្រទេសចិនមិនបានអះអាងថា ប្រជាធិបតេយ្យបែបពិគ្រោះយោបល់ គឺជាទម្រង់ពិសេស និងជាកម្លាំងដ៏ខ្លាំងក្លា នៃលទ្ធិប្រជាធិបតេយ្យសង្គមនិយមតាមបែបផែនចិនជាគំរូក៏ដោយ ក៏ប្រទេសជាច្រើនបាននិងកំពុងសិក្សារៀនសូត្រ ជាក់ស្តែងនាពេលថ្មីៗកន្លងទៅនេះ អង្គការ Arab barometer ដែលជាអង្គការស្ទង់ប្រជាមតិអន្តរជាតិ បានចេញផ្សាយរបាយការណ៍ពិនិត្យអង្កេតពីរច្បាប់ ដោយបានបង្ហាញថា ប្រជាជនអារ៉ាប់ភាគច្រើនបាននិងកំពុងបាត់បង់ ជំនឿចិត្តចំពោះប្រសិទ្ធភាពរបស់ ប្រព័ន្ធរបបប្រជាធិបតេយ្យបែបលោកខាងលិច ហើយរូបមន្តរបស់ប្រទេសចិនមានកម្លាំងទាក់ទាញ កាន់តែខ្លាំងឡើងៗ ស្របនឹងមតិជាទូទៅរបស់សហគមន៍អន្តរជាតិ បានសម្គាល់ឃើញថា តំបន់ស៊ីនជាំងជាតំបន់មួយដែលទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព មានភាពធូរធារស្តុកស្តម្ភនិងបើកទូលាយ គ្មានទំនាក់ទំនងទាល់តែសោះជាមួយនឹងបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងបង្ខំឱ្យធ្វើពលកម្មជាដើម។
ការណ៍នេះបានទម្លុះរបាយការណ៍ ឬយុទ្ធសាស្ត្រនានារបស់អាមេរិកដែលប្រាសចាកការពិត មានចេតនាមួលបង្កាច់សច្ចភាព និងបង្វែខុសតថភាពរបស់តំបន់ស៊ីនជាំង និងជាអ្វីដែលអាមេរិកតែងបង្ក ភាពអសណ្តាប់ធ្នាប់សកល បំផ្លាញដល់កិច្ចអភិវឌ្ឍសកល និងបង្កើនជម្លោះនិងសង្គ្រាមស្ទើរគ្រប់កន្លែង នៅទូទាំងពិភពលោកស្របនឹងអនុត្តរភាពរបស់ខ្លួន។ ជារួម មិនស្ថិតក្នុងសម្ព័ន្ធយោធាណាមួយនោះទេ ប្រទេសចិនជាចំណែកដ៏ធំមួយនៃការអភិវឌ្ឍរបស់ពិភពលោក ហើយរឿងរ៉ាវនៅពីក្រោយភាពល្បីរន្ទឺនៃភិយ្យោភាពតំបន់ស៊ីនជាំង ដែលបានធ្វើឱ្យគ្រាប់ពូជនៃនវានុវត្តភាព កំពុងលូតលាស់ឡើងស្របតាមចរន្តហ្សែន និងសសៃឈាមរបស់ជនជាតិចិន ហើយគ្មានកម្លាំងណា អាចមករារាំងវឌ្ឍនភាពនេះបានឡើយ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន