(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) នាថ្ងៃចន្ទនេះ បានស្នើទៅកាន់សភា ដើម្បីសុំកញ្ចប់ថវិកាទំហំច្រើនមិនធ្លាប់មានគឺ ៥.២៩ទ្រីលានប៉េសូ ឬស្មើនឹង៩៤.៤០ពាន់លានដុល្លារអាមេរិក សម្រាប់រដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីគាំទ្រដល់របៀបវារៈគោលនយោបាយផ្សេងៗ ដែលសំដៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ប្រជាជនរាប់លាននាក់ ឱ្យងើបចេញពីភាពក្រីក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។
បើធៀបជាមួយសំណើកញ្ចប់ថវិការបស់ អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ សម្រាប់ឆ្នាំ២០២២ សំណើកញ្ចប់ថវិការបស់លោក ម៉ាកូស មានទំហំច្រើនជាងជិត៥ភាគរយ។ លោក ម៉ាកូស កំពុងមានគោលដៅពង្រីកសេដ្ឋកិច្ចហ្វីលីពីនឱ្យបាន ៨ភាគរយ អំលុងអាណត្តិកាន់អំណាច រយៈពេល៦ឆ្នាំរបស់លោក ដើម្បីឱ្យហ្វីលីពីននៅរក្សាចំណាត់ថ្នាក់ ក្នុងចំណោមក្រុមប្រទេសអាស៉ី ដែលមានការរីកចម្រើនឆាប់រហ័សបំផុត ព្រមទាំងកាត់បន្ថយអត្រាភាពក្រីក្រឱ្យបានពាក់កណ្តាល ខណៈកាលពីឆ្នាំ២០២១ អត្រានេះគឺ១៨.១ភាគរយ។
វិស័យដែលទទួលបានអាទិភាពចម្បងៗជាងគេ នៅក្នុងកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ រួមមានវិស័យអប់រំ, សាធារណការ, សន្តិសុខស្បៀង, សុខាភិបាល និងថាមពលស្អាត។ ក្នុងនោះទៀតសោត វិស័យអប់រំនឹងទទួលបាន ថវិកាបែងចែកច្រើនជាងគេបំផុត គឺ៨៥២.៨ពាន់លានប៉េសូ ឬ១៥.២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១៦ភាគរយ នៃទំហំកញ្ចប់ថវិកាសរុប។
បន្ទាប់មកទៀត វិស័យសាធារណការ ទទួលបាន១៣ភាគរយ, វិស័យសុខាភិបាលទទួលបាន ៥ភាគរយ និងសុខុមាលភាពសង្គម ទទួលបាន ៤ភាគរយ។ រីឯវិស័យកសិកម្ម ក៏នឹងទទួលបានថវិកា ១៨៤.១ពាន់លានប៉េសូ ឬ៣.២៨ពាន់លានដុល្លារអាមេរិក ផងដែរ ដែលជាកំណើន៤០ភាគរយ ធៀបនឹងថវិកាដែលវិស័យនេះ ទទួលបានកាលពីឆ្នាំ២០២២។
គួរបញ្ជាក់ថា លោក ម៉ាកូស ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅ ក្តោបក្តាប់សំឡេងភាគច្រើនលើសលប់ នៅក្នុងសភា ដែលប្រការនេះផ្តល់ឱកាសខ្ពស់ឱ្យរូបលោក ក្នុងការសម្រេចសេចក្តីព្រាងច្បាប់ផ្សេងៗ រួមមានទាំងសំណើថវិកាជាតិ ឆ្នាំ២០២៣ ផងដែរ។ លោក ហ្វឺឌីណាន់ ម៉ាទីន រ៉ូមូអាល់ដេស (Ferdinand Martin Romualdez) ដែលជាបងប្អូនជីដូនមួយរបស់លោក គឺមានមុខតំណែងជា ប្រធានរដ្ឋសភារបស់ហ្វីលីពីន៕