(បាងកក)៖ សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុងប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុង ទីក្រុង បាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

បាតុកម្មតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលដឹកនាំដោយអតីតមេដឹកនាំក្រុមអាវក្រហម លោក ចាទុផន ព្រំប៉ាន់ (Jatuporn Prompan) បានធ្វើឡើងកាលពីល្ងាច ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ក្រុមបាតុករបានទាមទារឱ្យលោក បា្រយុទ្ធ ចុះចេញពីតំណែង ខណៈការកាន់អំណាចរបស់ លោកនឹងឈានចូលដល់រយៈពេល៨ឆ្នាំ នៅថ្ងៃពុធសប្ដាហ៍នេះ និងដែលត្រូវបានចាត់ទុកថាបំពានរដ្ឋធម្មនុញ្ញដែលបានហាមនាយករដ្ឋមន្ត្រី មិនឱ្យកាន់តំណែងលើសពី ៨ឆ្នាំ។

គួរបញ្ជាក់ថា បាតុករបានបញ្ចប់ការប្រមូលផ្ដុំនៅម៉ោងប្រហែល ៩នាទីយប់ថ្ងៃអាទិត្យ ដោយសន្តិវិធី ហើយប៉ូលិសថៃបានប្រកាសបិទផ្លូវទាំងអស់ ឆ្ពោះទៅកាន់ ការិយាល័យនាយករដ្ឋមន្ត្រី ស្របពេលមានការរំពឹងថាបាតកម្មតវ៉ាអាចនឹងកើតឡើងជាថ្មី ហើយតុលាការធម្មនុញ្ញថៃក៏ត្រូវបានគេរំពឹងដែរថានឹងការសម្រេចចិត្ត ថាតើគួរតែទទួល ឬមិនទទួលយកញត្តិរបស់គណបក្សប្រឆាំងដែលទាមទារឱ្យកំណត់ឱ្យបានជាក់លាក់ថាតើអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ នឹងបញ្ចប់នៅពេលណា៕