(ឡុងដ៍)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបើកកិច្ចពិភាក្សាមួយស្ដីពីកិច្ចខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ សេតវិមានបានគូសបញ្ជាក់ទៀតថា មេដឹកនាំនៃប្រទេសទាំង៤ បានពិភាក្សា គ្នាពីកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និងភាពចាំបាច់នៃការពង្រឹងការគាំទ្រដល់បណ្ដាប្រទេសជាដៃគូ នៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងកំញើញ និងទប់ស្កាត់សកម្មភាពបង្កអស្ថិរភាពរបស់អ៉ីរ៉ង់នៅក្នុងតំបន់។

សេតវិមាន មិនបានបញ្ជាក់លម្អិតអ្វីបន្ថែមលើសពីនេះនោះទេជុំវិញកិច្ចពិភាក្សាលើកិច្ចការតំបន់មជ្ឈិមបូព៌ារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នោះឡើយ។

ប៉ុន្តែ មានការព្រួយបារម្ភថា បរាជ័យក្នុងការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ អាចនឹងបង្កើនហានិភ័យនៃការផ្ទុះសង្រ្គាមនៅក្នុងតំបន់ នៅក្នុងបរិបទដែលអ៉ីស្រាអែល បានព្រមានថាអាចនឹងធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់ ប្រសិនជាមធ្យោបាយការទូតមិនអាចរារាំងអ៉ីរ៉ង់ពីការអភិវឌ្ឍ ឬផលិត អាវុធនុយក្លេអ៊ែរ បានទេនោះ៕