(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅថ្ងៃចន្ទនេះជាមួយការបណ្ដុះបណ្ដាលជាក់ស្ដែងនៅលើ ទីលានហ្វឹកហាត់ ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។
សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា អ៊ូលឈី ហ្រ្វីដឹម សៀល (Ulchi Freedom Shield) នឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយសមយុទ្ធ នេះទៀតសោត កើតមានឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានសន្យាធ្វើសមុយុទ្ធយោធារួមគ្នាជាមួយ សហរដ្ឋអាមេរិកឡើងវិញ និងពង្រឹងសមត្ថភាពកំញើញប្រឆាំងនឹងកូរ៉េខាងជើង។ ក៏ប៉ុន្តែ ជារឿយៗ កូរ៉េខាងជើងតែងតែថ្កោលទោសការធ្វើសមយទ្ធបែបនេះ ដោយចោទប្រកាន់ថាវាជាការត្រៀមលក្ខណៈឈ្លានពានទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានបន្ធូរបន្ថយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែ កូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន ដែលស្វះស្វែងកិច្ចចរចាជាមួយកូរ៉េខាងជើង។ កូរ៉េខាងជើង កាលពី សប្ដាហ៍មុន ក៏បានបាញ់សាកល្បងគ្រូសមីស៊ីលចំនួន ២គ្រាប់ ជាការឆ្លើយតបទៅនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ សម្រាប់ការចាប់ផ្ដើម ការបណ្ដុះបណ្ដាលបឋមត្រៀមសម្រាប់ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ៕