(ប៊ែរឡាំង)៖ ប្រទេសអឺរ៉ុបចំនួនប្រាំបួន រួមទាំងបារាំង និងអាល្លឺម៉ង់បាននិយាយថា ពួកគេមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការដែលរដ្ឋាភិបាលអ៊ីស្រាអែល បានបើកការវាយឆ្មក់លើអង្គការក្រៅរដ្ឋាភិបាលប៉ាឡេស្ទីនជាច្រើន ដែលកំពុងប្រតិបត្តិការនៅតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។
យោធាអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនបានធ្វើការវាយឆ្មក់ពេលយប់ លើអង្គការចំនួនប្រាំពីរនៅក្នុងទីក្រុង Ramallah និងតំបន់ West Bank ជាកន្លែងដែលទីស្នាក់ការកណ្តាលរបស់អាជ្ញាធរប៉ាឡេស្ទីនស្ថិតនៅ។
ក្រសួងការបរទេស នៃប្រទេសចំនួន៩ បាននិយាយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយឆ្មក់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ជាផ្នែកនៃការថយចុះគួរឱ្យព្រួយបារម្ភ នៃលំហសង្គមស៊ីវិលនៅក្នុងតំបន់»។
ប្រទេសបែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងស៊ុយអែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពទាំងនេះមិនអាចទទួលយកបានទេ»។
កាលពីខែតុលា ក្រុមប៉ាឡេស្ទីនចំនួនប្រាំមួយត្រូវបានអ៊ីស្រាអែលកំណត់ថា ជាក្រុមភេរវករជាមួយការចោទប្រកាន់ថា ពួកគេមានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធឆ្វេងនិយម PFLP ទោះបីជាមន្ត្រីអ៊ីស្រាអែល មិនបានចែករំលែកជាសាធារណៈនូវភស្តុតាង នៃទំនាក់ទំនងបែបនេះក៏ដោយ។
បញ្ជាក់ថា អ៊ីស្រាអែលបានកាន់កាប់តំបន់ West Bank ចាប់តាំងពីសង្គ្រាមប្រាំមួយថ្ងៃក្នុងឆ្នាំ១៩៦៧មកម្លេះ នៅពេលដែលខ្លួនបានដណ្តើមយកបានទឹកដីពីហ្ស៊កដានី៕