(តូក្យូ)៖ កាសែតជប៉ុន យ៉ូមីយូរី (Yomiuri) នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថា ជប៉ុនកំពុងពិចារណាលើ ការដាក់ពង្រាយមីស៉ីលគ្រូស ប្រភេទបាញ់បានចម្ងាយឆ្ងាយ ចំនួនប្រហែល ១,០០០គ្រាប់ ដើម្បីពង្រឹងសមត្ថភាពវាយបករបស់ខ្លួន សម្រាប់ប្រឆាំងទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាលជប៉ុន កាសែត Yomiuri អះអាងថា ពួកវានឹងជាមីស៉ីលមានស្រាប់ ដែលត្រូវកែច្នៃរយៈចម្ងាយពី ១០០គីឡូម៉ែត្រ ឱ្យដល់១,០០០គីឡូម៉ែត្រ។ មីស៉ីលគ្រូសទាំងនោះ ដែលបំពាក់លើនាវានិងយន្តហោះចម្បាំង នឹងត្រូវដាក់ពង្រាយជាចម្បង នៅតំបន់ទីប្រជុំកោះ ណានសី (Nansei) ភាគខាងត្បូងប្រទេស ហើយមានសមត្ថភាពបាញ់ដល់ តំបន់ឆ្នេររបស់ប្រទេសកូរ៉េខាងជើងនិងចិន។
ដោយយោងតាមរដ្ឋធម្មនុញ្ញក្រោយសង្រ្គាមលោករបស់ខ្លួន ជប៉ុនប្រើប្រាស់យោធា សម្រាប់តែការការពារខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងតូក្យូត្រូវសង្កេតឃើញថា បានខិតខំបង្កើនកញ្ចប់ថវិកាការពារជាតិ និងប្រកាន់យកយុទ្ធសាស្រ្តបែបខ្លាំងជាងមុន។ ប៉ុន្តែទោះជាយ៉ាងណា ជប៉ុនមិនបានដាក់ពង្រាយ មីស៉ីលរយៈចម្ងាយឆ្ងាយឡើយ។ បច្ចុប្បន្ននេះ ជប៉ុនមានប្រភេទអាវុធមិនច្រើននោះទេ ដែលអាចវាយប្រហារលើគោលដៅ នៅប្រទេសដទៃបាន។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់ បានកើនឡើងខ្លាំងកាលពីដើមខែសីហានេះ ក្រោយដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ទៅកាន់តៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកមួួនៃទឹកដីរបស់ខ្លួន។ ឆ្លើយតបចំពោះការបំពេញទស្សនកិច្ចនោះ ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធបាញ់មីស៉ីល រំលងកោះតៃវ៉ាន់ជាលើកដំបូងបំផុត ហើយមីស៉ីលប៉ុន្មានគ្រាប់ បានធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុន របស់ប្រទេសជប៉ុនថែមទៀតផង៕