(ហ្សាកាតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី នៅថ្ងៃសៅរ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងមេរោគអុតស្វាជាលើកដំបូង លើខ្លួនបុគ្គលម្នាក់ដែលទើបនឹងត្រឡប់មកពីប្រទេសដែលមិនមានប្រវត្តិឆ្លងជំងឺនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៉ី លោក មហាំម៉ាត់ ស៉ីយ៉ារីល (Mohammad Syahril) បានប្រាប់សន្និសីទសារព័ត៌មានមួយថា បុរសអាយុ ២៧ឆ្នាំ បានធ្វើតេស្តវិជ្ជមាន នៃជំងឺអុតស្វា នៅក្នុងរដ្ឋធានីហ្សាកាតា កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេ។ បុរសជនជាតិឥណ្ឌូណេស៊ីរូបនេះ មានសុខភាពធម្មតា និងចេញរោគសញ្ញាស្រាល ហើយកំពុងស្នាក់នៅដាច់ដោយឡែកពីគេក្នុងផ្ទះ។ ប៉ុន្តែមិនបានប្រាប់ថាអ្នកជំងឺរូបនេះទើបនឹងត្រឡប់មកពីប្រទេសណានោះទេ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា យើងកំពុងតាមដានលើអ្នកដែលបានប្រាស្រ័យទាក់ទងជិតស្និទ្ធ នឹងបុរសខាងលើនេះ ដោយបន្ថែមថា រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណើរការនៃការផ្គត់ផ្គង់វ៉ាក់សាំងប្រហែល ១០,០០០ដូស សម្រាប់ជំងឺអុតស្វា។
ក្រសួងសុខាភិបាលបានជំរុញឲ្យពលរដ្ឋកុំជ្រួលច្របល់ និងបានធានាដល់សាធារណជនថា ជំងឺអុតស្វាអាចព្យាបាលបាន ។ រហូតមកដល់ពេលនេះ មន្រ្តីជំនាញបានធ្វើតេស្តករណីសង្ស័យចំនួន ២២ មកពីទូទាំងប្រទេស ដែលទាំងអស់សុទ្ធតែអវិជ្ជមាន។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានប្រកាសជំងឺអុតស្វាជាគ្រោះអាសន្នសុខភាពសកល ដោយមានករណីជាង ៤០,០០០ ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសជាង ៨០ ដែលមិនធ្លាប់ឆ្លងនូវជំងឺនេះ៕