(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះចិនចម្បាំងចំនួន ១៧គ្រឿង និងនាវាចំនួន៥គ្រឿង ត្រូវបានរកឃើញថា កំពុងធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ ខណៈដែលទីក្រុងប៉េកាំងបន្តសកម្មភាពយោធានៅជិតដែនកោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា ប្រតិបត្តិការខាងលើនេះ ក៏រួមបញ្ចូលទាំងយន្តហោះចំនួន ៤គ្រឿង ដែលហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន នៃច្រកសមុទ្រតៃវ៉ាន់ផងដែរ។
គួរបញ្ជាក់ថា យោធាចិនបានបន្តធ្វើសមយុទ្ធបន្ថែមទៀតនៅក្បែរតៃវ៉ាន់ ខណៈដែលក្រុមសមាជិកសភាអាមេរិក មកទស្សនកិច្ចនៅដែនកោះនេះ កាលពីដើមសប្តាហ៍កន្លងទៅ។ វាគឺជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកទី២ របស់គណៈប្រតិភូសហរដ្ឋអាមេរិក បន្ទាប់ពីការបំពេញទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) កាលពីដើមខែសីហានេះ ដែលបានជំរុញឱ្យចិន បើកការធ្វើសមយុទ្ធយោធា ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន អស់រយៈពេលជាច្រើនថ្ងៃ នៅជុំវិញកោះតៃវ៉ាន់៕