(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសមហាអំណាចធំៗនៅអឺរ៉ុប មិនបានរក្សាការបន្តការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដូចជាសហរដ្ឋអាមេរិកនោះទេ ហើយ ជំនួយយោធារបស់ពួកគេ សម្រាប់ទីក្រុងកៀវ មានការថយចុះចាប់តាំងតែពីខែមេសា មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។

សារព័ត៌មាន CGTN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មាន POLITICO។ POLITICO តាមរយៈការស្រង់ទិន្នន័យពី វិទ្យាស្ថាន គៀល សម្រាប់សេដ្ឋកិច្ចសកល (Kiel Institute for the World Economy) បានឱ្យដឹងនៅក្នុងសប្ដាហ៍នេះទៀតថាបណ្ដាប្រទេសអឺរ៉ុបធំៗ ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ បារាំង អ៉ីតាលី និងអេស្ប៉ាញ មិនបានផ្ដល់ការប្ដេជ្ញាចិត្តផ្ដល់ជំនួយយោធាថ្មីឡើយ ពេញមួយខែកក្កដា កន្លងទៅនេះ ខណៈតំបន់ចាយប្រាក់អឺរ៉ូ កំពុងប្រឈមមុខនឹងអតិផរណាកើនឡើងដល់ទៅ ៨.៩ភាគរយ។

គួរបញ្ជាក់ថា បើតាមក្រុមក្រុមអ្នកជំនាញ វិបត្តិថាមពល និងអតិផរណានៅក្នុងតំបន់អឺរ៉ុប អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយដល់ អ៊ុយក្រែន ពីព្រោះថាប្រសិនបើប្រទេសអឺរ៉ុប មានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នោះពួកគេនឹងត្រូវបង្ខំចិត្តផ្លាស់ប្ដូរការផ្ដោតពីអ៊ុយក្រែន ដើម្បីងាកមកផ្ដោតលើ ការដោះស្រាយបញ្ហានៅក្នុងស្រុករបស់ពួកគេរៀងៗខ្លួន៕