(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមក្នុងទំហំទឹកប្រាក់ ៧៧៥លានដុល្លារ ដល់អ៊ុយក្រែន ក្នុងគោលបំណងជួយទីក្រុងកៀវ ដណ្ដើមយកទឹកដី ដែលទាហានរុស្ស៉ី កំពុងកាន់កាប់ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
កញ្ចប់ជំនួយយោធាថ្មីខាងលើ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS កាំភ្លើងធំ ហាវវីតស័រ (howitzers) ១៦គ្រឿង រួមជាមួយគ្រាប់ សម្រាប់កាំភ្លើងធំចំនួន ៣៦,០០០គ្រាប់ ជាដើម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានគូសបញ្ជាក់ ដូច្នេះថា «ភាពក្លាហាន និងភាពខ្លាំងក្លារបស់យោធា និងប្រជាជនអ៊ុយក្រែន គឺពិតជាអស្ចារ្យណាស់ ហើយសហរដ្ឋអាមេរិកនឹងបន្តផ្ដល់ជំនួយដល់ អ៊ុយក្រែន។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងកញ្ចប់ជំនួយខាងលើ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារថ្លែងអំណរគុណដល់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាមួយការសង្កត់ធ្ងន់ថានេះការផ្ដល់ជំនួយដ៏សំខាន់ដើម្បីជួយអ៊ុយក្រែនយកឈ្នះលើរុស្ស៉ី។ តាមរយៈការផ្ដល់ជំនួយ បន្ថែមនេះ បានធ្វើឱ្យជំនួយយោធាដែលរដ្ឋបាលលោក ចូ បៃដិន ផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ជាង ១០.៦ពាន់លានដុល្លារហើយ៕