(ឡុងដ៍)៖ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអង់គ្លេស បាននិយាយថារុស្ស៉ីមិនមានសិទ្ធិខាងសីលធម៌ ដើម្បីអង្គុយនៅឯកៅអីប្រជុំនៃកិច្ចប្រជុំកំពូល G20 នោះទេ ខណៈទីក្រុងឡុងដ៍ កំពុងដាក់សម្ពាធលើទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យខាងលើដដែលបានបញ្ជាក់ដូច្នេះថា «រុស្ស៉ីគ្មានសិទ្ធិខាងសីលធម៌ ដើម្បីអង្គុយប្រជុំនៅឯកិច្ច ប្រជុំកំពូល G20 ស្របពេលការឈ្លានពានអ៊ុយក្រែននៅតែបន្តធ្វើឡើងនោះទេ។ យើងស្វាគមន៍ កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីក្នុងការធានាឱ្យបាន ថាផលប៉ះពាល់នៃសង្រ្គាមរបស់រុស្ស៉ី នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូល G20 ព្រមទាំងការញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ចូលរួមក្នុងកិច្ចប្រជុំនេះដែរ»។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកាខាងមុខនេះ ហើយបើតាមប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះដែរ៕