(អាឌីសអាបេបា)៖ គេហទំព័រអាកាសចរណ៍ Aviation Herald បានរាយការណ៍ថា ពីឡុតបើកយន្ដហោះពីរនាក់ ត្រូវបានគេជឿជាក់ថាបានងោកមួយភាំង និងបានខកខានការចុះចតរបស់ពួកគេ កំឡុងជើងហោះហើរពីប្រទេសស៊ូដង់ ឆ្ពោះទៅកាន់ប្រទេសអេត្យូពី កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។

ហេតុការណ៍ខាងលើបានកើតឡើងនៅលើយន្ដហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ដែលមានគោលដៅហោះហើរ ពីទីក្រុង ខាទុំ (Khartoum) ប្រទេសស៊ូដង់ ឆ្ពោះទៅកាន់ទីក្រុង អាឌីសអាបេបា (Addis Ababa) ប្រទេសអេត្យូពី។ បើតាមគេហទំព័រអាកាសចរណ៍ Aviation Herald នៅពេលដែលពីឡុតទាំង ២នាក់ងោកមួយភាំង យន្ដហោះបានហោះហួសផ្លូវចុះចត និងធ្វើឱ្យដាច់ការទាក់ទងមួយសន្ទុះ ហើយរហូត ទាល់តែ ២៥នាទីក្រោយ ទើបយន្ដហោះនេះបកក្បាលចុះចតដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានសម្រេចបញ្ឈរជើងពីឡុតទាំង២នាក់ ជាបណ្ដោះអាសន្ន ហើយការពិន័យនឹងធ្វើឡើង នៅពេលការស៊ើបអង្កេតបិទបញ្ចប់៕