(ដាម៉ាស)៖ មនុស្សយ៉ាងហោច ១៤នាក់ ក្នុងនោះរួមមានទាំងកុមារ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត លើផ្សារមួយកន្លែង ស្ថិតនៅក្នុងទីក្រុង អាល់បាប់ (Al-Bab) នៃភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
បើតាមក្រុមអ្នកជួយសង្រ្គោះ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈពួកគេកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកនៅឡើយ រីឯមនុស្ស ៣០នាក់ ក៏បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រសប្ដាហ៍នេះដែរ។
ប៉ុន្តែ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ។ ទីក្រុងអាល់បាប់ គឺជាផ្នែកមួយនៃខេត្តអាឡិបប៉ូ (Aleppo) ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមស៊ីរី គាំទ្រដោយប្រទេសតួកគី និងមានផ្នែកជាច្រើនទៀតនៃខេត្តមួយនេះគ្រប់គ្រង ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី គាំទ្រដោយរុស្ស៉ី៕