(កៀវ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមឱ្យក្រុមមន្ត្រីអធិការកិច្ចមកពីអង្គការសហប្រជាជាតិ (UN) អាចធ្វើដំណើរទៅ កាន់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែនដែលកំពុងគ្រប់គ្រងដោយទាហានរុស្ស៉ី ដើម្បីត្រួតពិនិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។
ការប្រកាសខាងលើរបស់វិមានក្រឹមឡាំង ធ្វើឡើងក្រោយមានកិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក ពូទីន និងប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីប្រមុខ UN បង្ហាញក្ដីបារម្ភយ៉ាងខ្លាំងពីមហន្តរាយនុយក្លេអ៊ែរនៅឯរោងចក្រហ្សាប៉ូរីសហ្ស៊ីយ៉ា ជាទីដែល ទីក្រុងមូស្គូ និងទីក្រុងកៀវ ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជុំវិញការផ្លោងគ្រាប់នៅក្បែរទីតាំងរោងចក្រនេះ។
បើតាមការិយាល័យប្រធានាធិបតីបារាំង លោក ពូទីន បានពិចារណាឡើងវិញពីសំណើអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ធ្វើដំណើរទៅកាន់ និងចុះត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរខាងលើ ជាទីដែលប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានព្រមានផងដែរពីគ្រោះមហន្តរាយ។ ប៉ុន្តែ លោក ពូទីនបានច្រានចោលសំណើដែលចង់ឱ្យមន្ត្រីទីភ្នាក់ងារ IAEA ធ្វើដំណើរទៅកាន់រោងចក្រហ្សាប៉ូរីសហ្ស៊ីយ៉ា កាត់តាមប្រទេសរុស្ស៉ី ដោយបញ្ជាក់ថាពួកគេអាចធ្វើដំណើរកាត់តាមប្រទេសអ៊ុយក្រែន បាន។
គួរបញ្ជាក់ថា វិមានក្រឹមឡាំងមិនទាន់បញ្ជាក់ពីពេលវេលាដែលខ្លួនអនុញាតឱ្យមន្ត្រីទីភ្នាក់ងារ IAEA ធ្វើដំណើរចុះត្រួតពិនិត្យរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ានោះទេ ដោយគ្រាន់តែឱ្យដឹងថាលោក ពូទីន និងលោក ម៉ាក្រុង បានឯកភាពគ្នាថាមន្ត្រីទីភ្នាក់ងារ IAEA អាចដឹកនាំការធ្វើ អធិការកិច្ចក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន៕