(រ៉ង់ហ្គូន)៖ មេយោធាមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃសុក្រនេះថា របបយោធាមានឆន្ទៈក្នុងការចរចាជាមួយមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាច លោកស្រី Aung San Suu Kyi ដើម្បីបញ្ចប់វិបត្តិដែលបង្កឡើងដោយរដ្ឋប្រហារ ក្រោយការកាត់ក្តីរបស់តុលាការរបបយោធាលើលោកស្រីត្រូវបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
អគ្គមេបញ្ជាការយោធា មីន អោងហ្លេង (Min Aung Hlaing) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីដំណើរការផ្លូវច្បាប់ប្រឆាំងនឹងលោកស្រីស្របតាមច្បាប់ ត្រូវបានបញ្ចប់ យើងនឹងពិចារណាលើ (ការចរចា) ដោយផ្អែកលើការឆ្លើយតបរបស់លោកស្រី»។
គួរបញ្ចាក់ថា លោកស្រី ស៊ូជី អាយុ ៧៧ឆ្នាំ ត្រូវបានឃុំខ្លួន ចាប់តាំងពីអគ្គមេបញ្ជាការយោធា បានផ្តួលរំលំរដ្ឋាភិបាលលោកស្រី ក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំមុន ដោយបញ្ចប់រយៈពេលខ្លី នៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ក្នុងរឿងក្តីពុករលួយចំនួន៤ករណីផ្សេងទៀត ដែលត្រូវបានតុលាការសម្រេច កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី ស៊ូជី ទទួលរងការចោទប្រកាន់ថា បានប្រើប្រាស់អំណាចរបស់ខ្លួន យកទៅជួលដីរដ្ឋ នៅក្រោមតម្លៃក្នុងទីផ្សារ ហើយបានសាងសង់លំនៅឋានមួយកន្លែង ដោយប្រើថវិកា ដែលបានមកពីការបរិច្ចាគ សម្រាប់គោលដៅសប្បុរសធម៌ និងបានផ្តន្ទាទោសលើ លោកស្រី ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែមទៀត។
កាលពីក្នុងរឿងក្តីមួយចំនួនកន្លងមកនេះវិញ លោកស្រី អោងសាន ស៊ូជី គឺត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ រួចទៅហើយ ចាប់តាំងតែពីលោកស្រី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច និងចាប់ឃុំខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២១៕