(កូឡុំបូ)៖ ប៉ូលិសស្រីលង្កាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើហ្វូងមនុស្សតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ (១៨ សីហា) ដើម្បីបំបែកបាតុកម្មលើកដំបូង ចាប់តាំងពីប្រទេសដីកោះមួយនេះបានលុបចោលភាពអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
ការដួលរលំសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុន មកបានបង្កឱ្យមានការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលដ៏ធំជាញឹកញាប់នៅឆ្នាំនេះ បន្ទាប់ពីមានការលំបាកជាច្រើនខែ ដែលបណ្តាលមកពីការខ្វះខាតទំនិញសំខាន់ៗ ក៏ដូចដាច់ចរន្តអគ្គិសនី និងអតិផរណាឡើងខ្លាំងជាដើម។
រដ្ឋាភិបាលបានរារាំងការប្រឆាំងតវ៉ា ដោយដាក់រដ្ឋក្នុងភាពអាសន្ន ជាមួយការផ្តល់ឱ្យកងកម្លាំងសន្តិសុខពង្រីកអំណាចឃុំឃាំង ប៉ុន្តែក្រឹត្យនេះបានផុតកំណត់កាលពីយប់មិញ។
និស្សិតជាច្រើនរយនាក់បានព្យាយាមដើរដង្ហែ ទៅកាន់កណ្តាលទីក្រុង Colombo សម្រាប់ការប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍រថភ្លើង មុនពេលពួកគេត្រូវបានរារាំង និងបំបែកដោយមន្ត្រីប្រដាប់ដោយដំបង និងខែលការពារកុប្បកម្ម។
ប៉ូលិសបាននិយាយថា ពួកគេបានប្រើកម្លាំងតិចបំផុតតាមដែលអាចធ្វើទៅបាន ដោយចាប់តែអ្នកដែលវាយប្រហារមន្ត្រី ឬបំផ្លាញទ្រព្យសម្បត្តិរដ្ឋប៉ុណ្ណោះ៕