(ឡុងដ៍)៖ យន្តហោះទម្លាក់គ្រាប់បែកធុន B-52 ចំនួន៤គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែមុនពេលទៅដល់ ពួកវាក៏បានឆ្លៀតធ្វើការហោះហើរហ្វឹកហ្វឺន ជាមួយយន្តហោះចម្បាំងរបស់ប្រទេសស៊ុយអែត និងន័រវែសផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Business Insider នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
យោធាន័រវែសបានឱ្យដឹងថា កំលុងពេលហោះហើរចេញពី មូលដ្ឋានទ័ពអាកាស មីណូត (Minot) នៅរដ្ឋដាកូតាខាងជើង (North Dakota) ដើម្បីឆ្ពោះទៅកាន់ចក្រភពអង់គ្លេស យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ទាំង៤គ្រឿង ត្រូវបានចូលរួមដោយ យន្តហោះចម្បាំងធុន JAS Gripen ចំនួន២គ្រឿងរបស់ស៊ុយអែត និងយន្តហោះចម្បាំងធុន F-35 ចំនួន២គ្រឿងទៀតរបស់ន័រវែស នៅលើផ្ទៃអាកាស នៃតំបន់ភាគខាងជើងប្រទេសន័រវែស។ វាគឺជាលើកដំបូងបំផុត ដែលយន្តហោះយោធារបស់ប្រទេសទាំង៣ បានធ្វើការហ្វឹកហាត់រួមគ្នាបែបនេះ។
គួរបញ្ជាក់ថា យន្តហោះ B-52 ទាំង៤គ្រឿងរបស់អាមេរិក បានទៅដល់មូលដ្ឋានទ័ពអាកាស ហ៊្វែរហ្វត (Fairford) របស់ចក្រភពអង់គ្លេស ជាថ្មីម្តងទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កាលពីខែកុម្ភៈ ឆ្នាំនេះ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ក៏ត្រូវបានបញ្ជូនទៅកាន់អង់គ្លេសផងដែរ ដោយពេលនោះទីក្រុងវ៉ាស៉ីនតោន បានព្រមានថា រុស្ស៉ីអាចនឹងបើកការឈ្លានពានលើអ៊ុយក្រែន៕