(ប្រាក)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងប្រាក បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ ឧទ្ធម្ភាគចក្រយោធាចំនួន៨គ្រឿង ដែលផលិតដោយក្រុមហ៊ុន ប៊ែល (Bell) ឱ្យទៅសាធារណរដ្ឋឆែក ខណៈរដ្ឋមន្រ្តីការពារជាតិឆែក បានអះអាងថា វាគឺជាការទទួលស្គាល់ចំពោះ កិច្ចប្រឹងប្រែងរបស់ទីក្រុងប្រាក ក្នុងការជួយផ្តល់បរិក្ខារយោធាឱ្យទៅអ៊ុយក្រែន នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការពារជាតិឆែក លោកស្រី យ៉ាណា សឺណូឆូវ៉ា (Jana Cernochova) បាននិយាយយ៉ាងដូច្នេះថា «វាកំពុងត្រូវបានបង្ហាញថា គោលជំហរច្បាស់លាស់និងឥតងាករេរបស់យើង ចាប់តាំងតែពីការចាប់ផ្តើម នៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន កំពុងទទួលបានផលតបស្នងមកវិញ។ ពួកយើងមិនត្រឹមទទួលបានការគោរពប៉ុណ្ណោះទេ ពីសំណាក់សម្ព័ន្ធមិត្តរបស់យើង សម្រាប់កិច្ចប្រឹងប្រែងជួយអ៊ុយក្រែន ប៉ុន្តែក៏ថែមទាំងទទួលបានការគាំទ្រពីពួកគេ ដើម្បីធ្វើទំនើបកម្មយោធារបស់យើងផងដែរ»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្ថានទូតអាមេរិកប្រចាំប្រទេសឆែក បានប្រកាសលើប្រព័ន្ធ Twitter ថា ឧទ្ធម្ភាគចក្រ៨គ្រឿងនោះ គឺបន្ថែមពីលើឧទ្ធម្ភាគចក្រយោធា ១២គ្រឿង ដែលទីក្រុងប្រាកបានបញ្ជាទិញរួចស្រេច ហើយមិនគិតថ្លៃឡើយ លើកលែងថ្លៃចំណាយ សម្រាប់ការដឹកជញ្ជូន និងកែលម្អផ្សេងៗ ថែមទៀត។
គួរបញ្ជាក់ថា បើតាមស្ថានទូតអាមេរិក ឧទ្ធម្ភាគចក្រ៨គ្រឿង ដែលទីក្រុងវ៉ាស៉ីនតោនផ្តល់ឱ្យទីក្រុងប្រាក ដោយឥតគិតថ្លៃនោះ រួមមានប្រភេទ AH-1Z Viper ចំនួន៦គ្រឿង និងប្រភេទ UH-1Y Venom ចំនួន២គ្រឿង។ ប្រការនេះមានន័យថា បូករួមទាំងឧទ្ធម្ភាគចក្រ១២គ្រឿង ដែលខ្លួនបញ្ជាទិញពីមុនមក សាធារណរដ្ឋឆែកនឹងមាន ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-1Z សរុប១០គ្រឿង និងឧទ្ធម្ភាគចក្រពហុមុខងារ UH-1Y ចំនួន១០គ្រឿង៕