(ប៉ារីស)៖ ប្រទេសបារាំង បានថ្កោលទោសចំពោះ ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសម៉ាលី លោក អាប់ដេឡាយ៉េ ឌីអូប (Abdelaye Diop) ក្នុងលិខិតមួយរបស់ខ្លួន ផ្ញើទៅកាន់អង្គការសហប្រជាជាតិ (UN) ថាជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
លោក Diop បានចោទប្រកាន់ប្រទេសបារាំងថាបាន «ផ្គត់ផ្គង់» និងប្រមូល «ព័ត៌មានសម្ងាត់» សម្រាប់បម្រើផលប្រយោជន៍ ដល់ក្រុមភេរវករ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសម៉ាលី។ លោកក៏បានចោទប្រកាន់បារាំងថា កំពុងធ្វើចារកម្ម និងបំភិតបំភ័យកងកម្លាំងប្រដាប់អាវុធម៉ាលី ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសបារំាង បានគូសបញ្ជាក់ថា ការដកកងទ័ពបារាំងចេញពីប្រទេសម៉ាលី «គឺត្រូវបានធ្វើឡើងដោយតម្លាភាពពេញលេញ ជាមួយកងកម្លាំងប្រដាប់អាវុធម៉ាលី។ យើងសូមថ្កោលទោសការបំភ្លៃព័ត៌មាន ដែលមិនអាចឱ្យវាបង្វែរការយកចិត្តទុកដាក់ លើបញ្ហាសន្តិសុខ និងស្ថានការណ៍មនុស្សធម៌ ក្នុងប្រទេស ដែលកំពុងមានប្រជាជនរងគ្រោះជាចម្បងនោះឡើយ។ បារាំង នឹងបន្តប្រយុទ្ធប្រឆាំងនឹង អំពើភេវកម្មនៅតំបន់សាហែល (Sahel) និងអាហ្រ្វិកខាងលិចដោយឥតឈប់ឈរ»។
គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះបានធ្វើឡើង ស្របពេលដែលបារំាងទើបនឹងបញ្ចប់ប្រតិបត្តិការប្រឆាំងភេវកម្ម ក្នុងប្រទេសម៉ាលី។ បច្ចុប្បន្នពុំមានបុគ្គលិកយោធាបារាំងណាម្នាក់បម្រើការ នៅប្រទេសអាហ្វ្រិកខាងលិចមួយនេះទៀតឡើយ ចាប់តាំងពីការបិទមូលដ្ឋានយោធាបាំរាំងចុងក្រោយ កាលពីថ្ងៃទី១៥ ខែសីហា៕