(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានបង្ហើបឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមផ្តល់ជំនួយយោធាបន្ថែមចំនួន ៨០០លានដុល្លារដល់ អ៊ុយក្រែន ហើយអាចនឹងធ្វើការប្រកាសអំពីផែនការនេះនៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
ក្រុមមន្រ្តីអាមេរិកខាងលើបានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក បៃដិននឹងអនុញ្ញាតឲ្យផ្តល់ជំនួយដែលនឹងមានការផ្ទេរអាវុធនៅសល់ពី ឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកផ្ទាល់ ខណៈដែលកញ្ចប់ជំនួយសព្វាវុធអាចនឹងមានប្រែប្រួលមុនពេលប្រកាស។ យ៉ាងនេះក្តីសេតវិមាន បានបដិសេធមិនធ្វើការអត្ថាធិប្បាយនូវការលើកឡើងនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងរុស្ស៉ី បើកការឈ្លានពាននៅអ៊ុយក្រែន រហូតមកដល់ពេលនេះជម្លោះបានក្លាយទៅជាសង្រ្គាមនៃការប្រយុទ្ធគ្នាជាចម្បង នៅតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយយោធា រាប់ពាន់លានដុល្លារដើម្បីជួយដល់រដ្ឋាភិបាលទីក្រុងកៀវ៕