(សេអ៊ូល)៖ មន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានសម្តែងការសោកស្តាយចំពោះការរិះគន់របស់អ្នកនាង គីម យូជុង មកលើប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងបដិសេធសំណើរបស់ទីក្រុងសេអ៊ូល ក្នុងការជំរុញសេដ្ឋកិច្ចកូរ៉េខាងជើង ដើម្បីជាថ្នូរនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
អ្នកនាង គីម យូជុង គឺជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េ លោក វ៉ុន យ៉ុងសេ (Kwon Young-se) បានប្រាប់អង្គប្រជុំសភាយ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការរិះគន់ក្នុងន័យមិនផ្ដល់ការគោរព និងការប្រើពាក្យអសុរោះ របស់អ្នកនាង គីម យូជុង មកលើលោកប្រធានាធិបតីរបស់យើង»។
គួរបញ្ជាក់ថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺអ្នកនាង គីម យូជុង បានធ្វើហៅការស្នើឡើងរបស់លោក យូន ដើម្បីឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនថាជា «ទង្វើដ៏គឃ្លើន»។ អ្នកនាងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ឲ្យដឹងថា បើគ្រាន់តែគិតថាត្រូវផ្លាស់ប្តូរផែនការ ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនោះ ក្តីសង្ឃឹម និងផែនការរបស់លោក យូន គឺពិតជាសាមញ្ញ ហើយនៅតែក្មេងខ្ចីនៅឡើយ៕