(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានបំពេញទស្សនកិច្ចចុះសួរសុខទុក្ខកងទ័ពជើងទឹកតៃវ៉ាន់ ដើម្បីអរគុណ ដោយផ្ទាល់ សម្រាប់កិច្ចខិតខំប្រឹងប្រែង កំឡុងការធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃរបស់ចិន និងបានចាត់ទុកថាសម្ពាធដែលពួកគេកំពុងប្រឈមគឺ ធំធេងមិនអាចពិពណ៌នាបានឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
នៅក្នុងដំណើរទស្សនកិច្ច នៅឯមូលដ្ឋានទ័ពជើងទឹក ស៊ូអាវ (Suao) ស្ថិតនៅឆ្នេរភាគឦសានកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី ត្សៃ ក៏បានប្រាប់កងទ័ពជើងទឹកតៃវ៉ាន់ផងដែរពីភាពចាំបាច់នៃការតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងចិន។ លោកស្រី ត្សៃ បានសង្កត់ ធ្ងន់ដូច្នេះថា «នៅចំពោះមុខការគំរាមកំហែង និងការបង្កហេតុរបស់ចិននៅខាងក្រៅដែនទឹករបស់តៃវ៉ាន់ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការ តាមឃ្លាំមើលសកម្មភាពនាវាចម្បាំងរបស់សត្រូវគ្រប់ពេលវេលាទាំងអស់។ ដ្បិតសម្ពាធសព្វថ្ងៃគឺធំធេងមិនអាចពិពណ៌នាបានឡើយ»។
គួរបញ្ជាក់ថា ចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានដឹកនាំការធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានព័ទ្ធជុំវិញតៃវ៉ាន់ នៅក្នុងខែសីហានេះ ដើម្បីបង្ហាញការខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅទីក្រុងតៃប៉ិ៕